ភ្នំឈ្ងោកជាទីកន្លែងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តនិងសិក្សាស្រាវជ្រាវ

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ទុយ សូលីដា ២៤.០៩.២០២០

MC៖ភ្នំឈ្ងោកជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្ត ហើយសិស្សនិស្សិតទៅសិក្សាស្រាវជ្រា ពីវប្បធម៌ដ៏សម្បូរបែបនៅទីនោះ។ 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ភ្នំឈ្ងោកជារមណីយដ្ឋានវប្បធម៌មួយ កសាងឡើងតាំងពីសតវត្សទី៦ មកម្ល៉េះ ដោយនៅចំកណ្ដាលនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋ រាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានរូបសំណាកយោនី ដោយកំណត់ថា ជាសិវលិង្គតាមជំនឿ ព្រហ្មញ្ញសាសនា។

លោកប្រធានមន្ទីរទេសចរណ៍បន្ថែមថា អ្វីដែលកាន់តែអស្ចារ្យគឺនៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ ។ ទាំងនេះគឺជាអ្វីដែលភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ ។ 

អ្នកស្រី ជា ស៊ីណា ភ្ញៀវទេសចរដែលទៅកម្សាន្តភ្នំនោះ បានអោយដឹងថា នៅពេលដែលមានដំណើរកម្សាន្តមកខេត្តកំពតម្ដងៗ អ្នកស្រីតែងតែបន្តដំណើរមកកាន់ភ្នំឈ្ងោកនេះ ព្រោះជាតំបន់មានទាំងធម្មជាតិព្រៃភ្នំ ល្អាងធំ តូច ទីវត្តអារាម និងមានកន្លែង ស័ក្តិសិទ្ធិជាច្រើន ។ អ្នកស្រី មានជំនឿថា ភ្នំនេះជាកន្លែងប្រជុំបារមីស័ក្តិសិទ្ធិ សម្រាប់គោរពបូជា និងសុំសេចក្ដីសុខ សេចក្ដីចម្រើន ។

សំឡេង៖ ទេសភាពនៅភ្នំឈ្ងោកនេះស្អាត មានផ្ទាំងថ្មធំៗ រុក្ខជាតិជុំវិញ និយាយទៅ នៅពេលខ្ញុំមកដល់ទីកន្លែងនេះ មានអារម្មណ៍ត្រជាក់ និងស្រស់ស្រាយ មួយវិញទៀត ខ្ញុំតែងបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិនៅទីនេះពីបំណងប្រាថ្នាផ្ទាល់ខ្លួន និងសុំសេចក្ដីសុខនៅក្នុងគ្រួសារ ។

ចំណែក កញ្ញា គឹម ភ័ក្ត្រ ជានិស្សិតឆ្នាំទី២ បានអោយដឹងដែរថា ភ្នំឈ្ងោកជាសំណង់ប្រាសាទដ៏គួរឲ្យស្ញប់ស្ញែង ដោយសារ នៅផ្នែកខាងក្នុងនៃភ្នំឈ្ងោកនេះមានប្រវត្តិទាក់ទងនឹងជំនឿសាសនាខ្មែរ ដោយមានបង្កប់ប្រព័ន្ធល្អាងជាច្រើនប្លែកៗពីគ្នា គួរអោយចាប់អារម្មណ៍ ។ 

សំឡេង៖ ក្នុងដំណើរកម្សាន្តនេះ ខ្ញុំមកជាក្រុម គឺមកកម្សាន្តផង និងឆ្លៀតស្វែងយល់ពីប្រវត្តិភ្នំឈ្ងោកនេះផង ដោយសារតែភ្នំនេះ មានល្អាងជាច្រើន ដែលមានសភាពប្លែកៗពីគ្នា មានទាំងល្អាងតូច ទាំងល្អាងធំ និងមានប្រវត្តិគួរអោយចង់ស្វែងយល់ក្នុងនាមជា កូនខ្មែរ។ 

សូមបញ្ជាក់ថា ភ្នំឈ្ងោក គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលបន្សល់ទុកពីសម័យនគរភ្នំ ស្ថិតនៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចំងាយ១៣គីឡូម៉ែត្រ ពីក្រុងកំពត តាមផ្លូវជាតិលេខ៣៣ ៕