រមណីយដ្ឋានទេសចរណ៍ធម្មជាតិ« ទឹកធ្លាក់ស្រែអំពិល» បង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឥតដាច់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២៤ ខែកញ្ញាឆ្នាំ២០២០


MC៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ« ទឹកធ្លាក់ស្រែអំពិល» ដែលបានបង្អួតសម្រស់គួរឱ្យចាប់ចិត្ត កំពុងមានការទាក់ទាញភ្ញៀវ ទេសចរមកកម្សាន្តឥតដាច់ ដោយនៅតំបន់នោះ មានទេសភាពស្រស់ស្អាត ខ្យល់អាកាសល្អបរិសុទ្ធ ទឹកហូរកាត់ថ្មសណ្ដោងគ្នាឥតដាច់ ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងនារដូវវស្សា ពិសេសអាចងូតទឹកលេងកម្សាន្តយ៉ាងសប្បាយទៀតផង។
លោក ម៉ឹង វិសាលសុខ មេឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទឹកធ្លាក់ស្រែអំពិលនេះ គឺជារមណីយដ្ឋានធម្មជាតិព្រៃភ្នំ មានទឹកជ្រោះហូរធ្លាក់ពីលើកំពូលភ្នំឪរ៉ាល់ និងមានផ្ទាំងថ្មជ្រលងជ្រោះ ទឹកហូរពីលើភ្នំឥតដាច់ មានកន្លែងងូតទឹកលេងកម្សាន្តជាច្រើន អមដោយ កញ្ចុសសំរាប់អង្គុយលេង នៅតាមមាត់ជ្រោះ ប្រមាណ៣០កន្លែង និងស្ពាន៣កន្លែង សម្រាប់ទទួលភ្ញៀវក្នុងស្រុកមកលេងកម្សាន្តរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រមាណពី២០០០នាក់ឡើងទៅ ។ លោកបានឱ្យដឹងទៀតថា រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះ មានផ្លូវអាចឱ្យរថយន្ដចូលទៅដល់ទឹកធ្លាក់តែម្ដង ។

« ភ្ញៀវទេសចរទៅលេងច្រើនក្នុងមួយថ្ងៃៗ ចាប់ពី២ពាន់នាក់ឡើង ហើយរថយន្តរាប់រយគ្រឿង ហើយយើងក៏មិននឹកស្មានថា មានភ្ញៀវទេសចរមកលេងកម្សាន្តច្រើននោះទេ ដោយសារផ្លូវវារលាក់ដែរ ហើយតំបន់នោះក៏នៅឆ្ងាយពីគេ ក៏ប៉ុន្តែមនុស្ស នៅតែសម្រុកចូល ដោយសារទីនោះមានសក្តានុពលល្អ មានទឹកជ្រោះ មានដើមឈើធំៗ ដែលភ្ញៀវទៅហើយចង់ទៅទៀត។ »
លោក ហុង ហេងគា ភ្ញៀវទេសចរម្នាក់ ដែលបានលេងកម្សាន្តនៅទីនោះ បានឱ្យដឹងថា នៅតំបន់នេះមានទេសភាពស្រស់ស្អាត មានម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ បានមកកម្សាន្តម្តងហើយចង់មកម្តងទៀត។ លោក មានការរីករាយខ្លាំងណាស់ ដោយឃើញអាជ្ញាធរ បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព យ៉ាងមានរបៀបរៀបរយ ដែលធ្វើឱ្យភ្ញៀវមកលេងកម្សាន្តអស់ក្តីកង្វល់។
សំឡេង៖ « នេះជាលើកទីមួយហើយដែលខ្ញុំបាននាំក្រុមគ្រួសារមកលេងកម្សាន្តនៅតំបន់នេះ ហើយអាជ្ញាធរនៅតំបន់នេះ គាត់រៀបចំសណ្ដាប់ធ្នាប់បានល្អ មានប្រជាការពារមើលការខុសត្រូវផងដែរ។ ហើយចំពោះការចតយានយន្តគឺមានសណ្ដាប់ធ្នាប់ ហើយក៏មានកន្លែងលក់ម្ហូបអាហារមានអនាម័យ មិនតែប៉ុណ្ណោះយើងក៏អាចវេចម្ហូបមកពីផ្ទះ ញ៉ាំនៅលើនៅកញ្ចុស នេះបានទៀតផង។
សូមបញ្ជាក់ថា ទឹកធ្លាក់ស្រែអំពិល ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីមួយ ស្ថិតនៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ៕(ពិនិត្យហើយ តែជួយទៀតផង+មានពាក្យមួយគឺ កញ្ចុស,ខ្ចុស,ខ្ចុះឬកញ្ចុះ +តូបអង្គុយលេង តើគួរយកពាក្យមួយណាឱ្យឯកភាពគ្នា ។ពាក្យនេះ អង់គ្លេស៍ហៅ KIOSK ឯបារាំងហៅ Kiosque ប្រែថា តូប ឬ ហាង ។តើយើងអាចប្រើជា តូបកម្សាន្តឬតូបអង្គុយលេងបានទេ ? សូមខាងសន្ទនានុក្រមជួយផង ។