សម្តេចតេជោលើកឡើងថា »ថ្ងៃទី២៤កញ្ញា ប្រទេសកម្ពុជាបានវិលត្រឡប់មកកាន់ “ព្រះរាជាណាចក្រកម្ពុជា” សារជាថ្មីឡើងវិញ»

APP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា »ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ នេះគឺជាថ្ងៃឈប់សម្រាកអបអរសាទរ “ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២០) ដែលប្រទេសកម្ពុជាបានវិលត្រឡប់មកកាន់ “ព្រះរាជាណាចក្រកម្ពុជា” សារជាថ្មីឡើងវិញ ក្រោយពីយើងបានបញ្ចប់សង្រ្គាមស៊ីវិល នឹងមានការបោះឆ្នោតដោយសេរីលើកទី១នៅឆ្នាំ ១៩៩៣។

សម្តេចបានបានរម្លឹកថា ផ្តើមចេញ ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ គឺកម្ពុជា បានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមាន ការឯកភាពផ្ទៃក្នុងការដោះស្រាយបញ្ហានយោបាយ ដោយកម្ពុជាបានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលមកដល់ ឆ្នាំ២០២០ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ។

នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនេះ សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងសូមធ្វើដំណើរកំសាន្តឆ្ងាយជិតជាមួយក្រុមគ្រួសារ មានសុខសុវត្ថិភាពគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជាកម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និង តុលាការហើយក៏បានអនុម័តនូវសិទ្ធិជា មូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋជាដើម ៕ ដោយ៖ កន ចំណាន