ជនជាតិដើមភាគតិចព្នងនៅភូមិក្បាលរមាស នាំគ្នារំលឹកនូវទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿនស្ទឹងត្រែង

ស្ទឹងត្រែង៖ ជនជាតិដើមភាគតិចព្នង នៅភូមិឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងបាននាំគ្នាសែនឡើងក្បាលស្រែជូនដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ និងបង្ហាញពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិព្នងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។ 

ក្នុងពិធីសែនក្បាលស្រែ នៅភូមិ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងកាលថ្ងៃទី២២ខែកញ្ញា លោកច្រូ ញ៉ុង មេកន្រ្ទាញជនជាតិព្នងនៅក្នុងឃុំនេះ បាន ឱ្យដឹងថា ពិធីនេះមានគោលបំណងសុំឱ្យស្រែស្រូវដែលបានដាំដុះទទួលបានផ្លែផ្កាល្អនិងឱ្យលោកតាព្រៃភ្នំ ដែលថែរក្សាទឹក ដី ព្រៃឈើ ក្រំថ្ម អ្នកតាប្រយ៉ុងស្រែ ជួយ ការពារព្រៃឈើឱ្យនៅគង់វង្ស ដំណាំដាំដុះកុំឱ្យកើតជំងឺ និងកុំឱ្យមានសត្វព្រៃឬសត្វល្អិតចង្រៃមកយាយីស៊ីបំផ្លាញ។ 

លោកស្រី ឃ្លឿប ជា បានឱ្យដឹងថា តាំងពីលោកដឹងក្តីមក បងប្អូនជនជាតិតែងបានគោរពប្រពៃណីរបស់ជនជាតិ ដូចជាជនជាតិ ព្នង ព្រៅ គួយ ទំពួន ចារាយ ស្ទៀង គ្រឹង ការវែតជាដើមបានធ្វើពិធីនេះដូចគ្នា ជាពិសេសការសែន ព្រេន សុំព្រះធរណីឱ្យដាក់គ្រាប់ពូជដាំដុះ ដាក់ចុះដុះឡើង សែនប្រយ៉ុងស្រែសុំឱ្យបានភោគផលច្រើនសែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់វង្ស និងសែនដឹងគុណព្រះម៉ែ ដែលចិញ្ចឹមកូនចៅបានធំធាត់។ 

លោក តា គ្រុយូ ជនជាតិព្នង នៅភូមិក្បាលរមាសបានលើកឡើងថា៖ ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅវត្តអារាមនោះទេ គ្រាន់តែបងប្អូនជនជាតិ បាននាំគ្នាធ្វើនៅតាមរោងអ្នកតា និងទី កន្លែងធ្លាប់គោរពបូជាផ្សេងៗ ដូចដែលចាស់ទុំជនជាតិ មានទម្លាប់ធ្វើជាយូរយា មកហើយ។ 

លោកតាបន្តថា៖ពិធីសែនលើកនេះក៏ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រីមកជួបជុំសែន ព្រេន ប្រមូលគ្នាយកអាហារ នំចំណី មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជា ដង្វាយ សែនព្រេន សុំឱ្យអ្នកតាប្រយ៉ុងស្រែជួយឱ្យស្រែស្រូវបានផលច្រើនទាំង អស់គ្នា។ 

សូមបញ្ជាក់ថា នៅស្រុកសេសានមាន អម្បូរជនជាតិព្នងនៅឃុំក្បាលរមាសជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលកំពុងអភិរក្សនៅប្រពៃណីនេះដូចគ្នា៕