សហគមន៍ចំនួន៩ ក្នុងខេត្តព្រះវិហារចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុន Golden Rice

វិទ្យុជាតិកម្ពុជា អត្ថបទ៖ វ៉ែន សុវុទ្ធី ២៣ ០៩ ២០

MC: សហគមន៍ចំនួន៩ ក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ បានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុន Golden Rice ដើម្បីកិនជាអង្ករសម្រាប់នាំចេញទៅក្រៅប្រទេស ដែលជាការលើកទឹកចិត្តដល់ប្រជាកសិករដែលប្រមូលផលបាន។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិឲ្យដឹងថា តាមរយៈការចុះកិច្ចសន្យាកសិកម្ម រវាងប្រជាសហគមន៍ចំនួន៩ នៅក្នុងស្រុក៣ក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន Golden Rice នេះ នឹងធ្វើឱ្យសហគមន៍ទទួលផលប្រយោជន៍ជាច្រើន ពីការផលិតស្រូវ ឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ក្រុមហ៊ុន ហើយរក្សាតម្លៃថែមទៀត ដែលជាទំនុកចិត្តរបស់កសិករ ព្រោះមានដៃគូសម្រាប់ទិញស្រូវពិតប្រាកដ ។ 

លោកបានបន្តថា មន្ទីរក៏បានជំរុញឲ្យតំណាងសហគមន៍ទាំងអស់ ត្រូវគោរពតាមកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ត្រូវរក្សាគុណភាពស្រូវសរីរាង្គដោយមិនក្លែងបន្លំ ហើយជៀសវាងការលក់ស្រូវឱ្យឈ្មួញផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទិញស្រូវបានគ្រប់ចំនួនតាមកិច្ចសន្យា ។

លោក​បាន​បញ្ជាក់​ថា​ «ការចុះកិច្ចសន្យាកសិកម្មហៅថាខងស្រា្តក់ហ្វាមីននេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាកសិករ ព្រោះទីមួយធានាតម្លៃទីផ្សារពេលប្រមូលកសិផលនិងតម្លៃមិនចុះថោក និយាយទៅយើងធានាតម្លៃខ្ពស់ជាងតម្លៃដែលឈ្មួញកណ្តាលទិញធម្មតាពីតម្លៃ១៥០រៀលទៅ៣០០រៀលទៅតាមប្រភេទទៅតាមគុណភាពនិងភាពសុទ្ធរបស់ស្រូវហើយមួយវិញទៀតកសិករគាត់បានតម្លៃបន្ថែម»។

លោកបានបន្ថែមថា ប្រជាសហគមន៍ដែលបានចុះកិច្ចសន្យា លក់ផលិតផលស្រូវសរីរាង្គ ជូនក្រុមហ៊ុន Golden Rice នេះ ត្រូវបានក្រុមការងារតំណាងស្ថាប័ន អន្តរជាតិវាយតម្លៃស្តង់ដារសរីរាង្គ ECOCERT ចុះធ្វើការវាយតម្លៃលើការដាំដុះ និងផលិតផលស្រូវសរីរាង្គ របស់ប្រជាកសិករក្នុងសហគមន៍ផងដែរ មុននិងសម្រេចចុះកិច្ចព្រមព្រៀងរវាងអ្នកទិញនិងអ្នកផលិត។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន Golden Rice បានចុះកិច្ចសន្យាទិញ ស្រូវសរីរាង្គសរុបចំនួន ៦០០០តោន ពីសហគមន៍ចំនួន៩ ក្នុងស្រុករវៀង ស្រុកជ័យសែន និងស្រុកឆែប ដែលមានផ្ទៃដីដាំដុះប្រមាណជាង៣០០០ហិកតា ៕