អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងធ្វើទស្សនកិច្ចទៅកាន់ សិង្ហបុរី និងឥណ្ឌូណេស៊ីនៅសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០​ — លោក Kim Gunn អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ីនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហ-ប្រតិបត្តិការក្នុងតំបន់។

លោក Kim នឹងធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសសិង្ហបុរី ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ សម្រាប់កិច្ចពិភាក្សាជាមួយសមភាគី និងមន្រ្តីដទៃទៀត មុនពេលធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតានៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ដែលអាចរួមមានការអំពាវនាវប្រកបដោយការគោរពចំពោះលោក Lim Jock Hoi អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោក Kim ត្រូវបានគេរំពឹងថា នឹងប្រើដំណើរទស្សនកិច្ចនេះដើម្បីរក្សាសន្ទុះសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងជាមួយសមាជិកអាស៊ានទាំងពីរក្រោមការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចុះ ហត្ថលេខាលើគោលនយោបាយថ្មីភាគខាងត្បូងសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងដទៃទៀតជាមួយដៃគូនៅអាស៊ីអាគ្នេយ៍នេះ។

លោក Kim ក៏គ្រោងនឹងជួបជាមួយពាណិជ្ជករជនជាតិកូរ៉េដែលកំពុងធ្វើការនៅក្នុងប្រទេសទាំងពីរផងដែរ ដើម្បីស្តាប់អំពីការលំបាករបស់ពួកគេនៅពេលមានជំងឺរាតត្បាត និងពិនិត្យមើលស្ថានភាពបន្ទាប់ពីការអនុវត្តនូវការធ្វើឱ្យសាមញ្ញនៃនីតិវិធីចូលទៅក្នុងប្រទេសទាំងនេះ។

ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលបានបង្កើតកម្មវិធីពន្លឿននៃការចូលទៅក្នុងប្រទេសសម្រាប់ពាណិជ្ជករកូរ៉េខាងត្បូង លើកលែងតែការចូលដែលត្រូវបានភ័យខ្លាចនៃការឆ្លងវីរុស៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)