ប្រទេសម៉ាឡេស៊ីបង្កើតទំនាក់ទំនងវិស័យទេសចរណ៍ជាមួយកូរ៉េខាងត្បូង និងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០​ — ប្រទេសម៉ាឡេស៊ីនឹងបង្កើតទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងរុស្ស៊ីក្នុងវិស័យវប្បធម៌ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះឱ្យកាន់តែរីកចម្រើនថែមទៀត។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ី លោកស្រី Nancy Shukri បាននិយាយថា បញ្ហានេះត្រូវបានពិភាក្សានៅពេលលោកស្រីទទួលបានការអំពាវនាវ ពីសំណាក់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងម៉ាឡេស៊ីក្នុងថ្ងៃតែមួយ។

លោកស្រីបានកត់សម្គាល់ថា ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង គឺជាក្រុមទេសចរណ៍សំខាន់បំផុតសម្រាប់ប្រទេសម៉ាឡេស៊ី ដោយមានចំនួន ៦៧៣.៦៥០នាក់នៅក្នុងឆ្នាំ ២០១៩ ដែលមានការកើនឡើង ៩,១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

លោកស្រីបាននិយាយថា ក្នុងចំណោមបញ្ហាដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យវប្បធម៌ ស្របជាមួយនឹងការរំលឹកខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ។

លោកស្រី Nancy បាននិយាយថា ក្រសួងរបស់លោកស្រីក៏បានពិភាក្សាទៅលើការរៀបចំកម្មវិធី វប្បធម៌ ស្របគ្នានឹងការប្រារព្ធពិធីនេះដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជនផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Nancy បានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចររុស្ស៊ីក្នុងឆ្នាំ ២០១៩ មានចំនួន៩,៩ភាគរយ បើប្រៀបធៀបទៅនឹងចំនួនអ្នកទេសចរចំនួន៧៩.៩៨៤នាក់ នៅក្នុងឆ្នាំ ២០១៨ ។

លោកស្រីក៏បានកត់សម្គាល់ផងដែរថា ភ្ញៀវទេសចរម៉ាឡេស៊ីប្រហែល៣០.០០០នាក់ បានទៅទស្សនាប្រទេសរុស្ស៊ីនៅក្នុងឆ្នាំនេះ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)