ក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលីសូមទោស និងកែតម្រូវព័ត៌មានដែលធ្វើឱ្យយល់ច្រឡំថា ប្រាសាទអង្គរវត្តរបស់ខ្មែរនៅលើប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា៖ លោកអ៊ូកាណែល


ភ្នំពេញ៖ ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃ ក្រសួងទេសចរណ៍បានឱ្យដឹងថា ទីភ្នាក់ងារ Wendy Wu Tours បានសូមអភ័យទោសចំពោះប្រជាជនកម្ពុជា និងព្រមកែសម្រួលពីពាក្យVIETNAM មកដាក់ថា SOUTHEAST ASIAវិញ។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃក្រសួងទេសចរណ៍បានពន្យល់ថា កន្លងមកនេះទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។
លោកបានបញ្ជាក់ថា ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានកន្លែងខ្លះទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។ ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ ។
ការសូមទោសនេះ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាបានប្រតិកម្មជាខ្លាំងទៅលើក្រុមហ៊ុននៃទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាម «VIETNAM»នៅពីលើជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តស្ថិតនៅប្រទេសវៀតណាម៕