មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថា កម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេស អាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ

AKP សៀមរាប ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារ បានថ្លែងបើកសិក្ខាសាលាស្តីពីការលើកកម្ពស់កិច្ចការពារកុមារ ពីការ កេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទក្នុងដំណើរការយុត្តិធម៌ព្រហ្មទណ្ឌនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តា ប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់ នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឈមនានា។

ផ្អែកលើលទ្ធផលនៃការអង្កេតនេះ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ២០១៧-២០២១ត្រូវបានរៀបចំឡើង ក្នុងទិសដៅធានាដល់ការ ដោះស្រាយ និងមានវិធានការទាន់ពេលវេលាលើបញ្ហាអំពើហិង្សាលើកុមារគ្រប់រូបភាព ក៏ដូចជា ដើម្បីលើកកម្ពស់ការការពារ និងការអភិវឌ្ឍសិទ្ធិកុមារប្រកបដោយចីរភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ និងកំពុងជំរុញការអនុវត្ត គោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា តាមរយៈប្រព័ន្ធគាំពារសង្គមចំនួន២រួមមាន៖ ១.ប្រព័ន្ធជំនួយសង្គម គឺផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាព ក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និង២.ប្រព័ន្ធសន្តិសុខសង្គម ជាការផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និងពិការភាពដល់ក្រុមប្រជាជននៃវិស័យ សេដ្ឋកិច្ចទាំងក្នុង និងក្រៅ ប្រព័ន្ធ។

លោកជំទាវបន្តថា ការពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ការកសាង សមត្ថ ភាពធនធានមនុស្ស និងហិរញ្ញវត្ថុសម្រាប់អនុវត្តផែនការសកម្មភាព គឺជាកត្តា មិនអាចខ្វះ បានក្នុងការទប់ស្កាត់ និងឆ្លើយតបឱ្យមានប្រសិទ្ធភាពស្របតាម ស្ថានភាពជាក់ស្តែង។

លោកជំទាវបាន​ជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ បន្តរួមគ្នាលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែល មានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ។ សិក្សាលើភាព ខ្វះចន្លោះនៃច្បាប់ និងការអនុវត្តបញ្ហាប្រឈម ដែលរាំងស្ទះដល់ប្រសិទ្ធភាពនៃការអនុវត្ត។ កំណត់រកដំណោះស្រាយជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ ឃុត សៅ