នគរបាលយុត្តិធម៌ខេត្តកំពង់ចាមបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២០០ ករណីក្នុងឆមាសទី១ ឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម 22 09 2020


MC៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានពង្រឹងវិធានការ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២០០ ករណីក្នុងឆមាសទី១ឆ្នាំ ២០២០នេះ ពោល គឺមានការកើនឡើងបើធៀបនឹងឆ្នាំកន្លងទៅ ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្នុងពេល បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយ ការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ នឹងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួម ពី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត – អភិបាលស្រុក-ក្រុងទាំង១០ និង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើន នាក់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចបានខិតខំប្រឹងប្រែង អនុវត្តការងារប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈរបស់ខ្លួន ដែលក្នុងនោះបញ្ហាបទល្មើសគ្រឿងញៀនបង្ក្រាបបានច្រើន ករណីបូករួមជាមួយវិធានការមួយចំនួនដូចជា វិធានការអប់រំផ្សព្វផ្សាយ. វិធានការរដ្ឋបាល. វិធានការច្បាប់ . វិធានការស្ដានីតិសម្បទានិងសមាហរណកម្ម . និងវិធានការកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និង អន្តរជាតិ ។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្ត បានអនុវត្តវិធានការថ្មីគឺបានធ្វើការជួបជុំជាមួយនឹងម្ចាស់ សណ្ឋាគារ ឬ ផ្ទះសំណាក់ និងក្លឹបសេវាកម្សាន្តជាដើម ដើម្បីអប់រំ និងធ្វើកិច្ចសន្យា ក្នុងគោលបំណងអោយពួកគាត់រួមសហការជាមួយសមត្ថកិច្ច ជួយទប់ស្កាត់បទល្មើសគ្រឿងញៀនទាំងអស់គ្នា។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ដែងការកោតសរសើរ ដល់ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ក៏ដូចជាកងកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ ដែលបានរួមគ្នាខិតខំប្រឹងប្រែង ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលទទួលបានលទ្ធផលល្អ ក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ។
សូមបញ្ជាក់ថា ជាលទ្ធផលក្នុងឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១៩៩ ករណី ធ្វើការឃាត់ខ្លួនជនល្មើសចំនួន៧០៣ នាក់ កើនឡើង ៩៩ ករណី បើធៀបជាមួយឆមាសទី១ ឆ្នាំ២០១៩ បង្ក្រាបបាន១០០ករណី និងឃាត់ខ្លួនជនល្មើសបានជាង២០០នាក់ ប៉ុណ្ណោះ៕