រុស្ស៊ីមិនមានការភ័យខ្លាចចំពោះសក្កានុពលនៃការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកទៅលើកិច្ចព្រមព្រៀងអាវុធជាមួយអ៊ីរ៉ង់ទេ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូមិនមានការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកទៅលើកិច្ចព្រមព្រៀងអាវុធជាមួយអ៊ីរ៉ង់ទេ។

លោកបានចង្អុលបង្ហាញក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន TASS ថា «យើងមិនខ្លាចចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ»។ លោក Ryabkov បាននិយាយបន្ថែមថា «វានឹងមិនមានផលប៉ះពាល់ដល់គោលនយោបាយរបស់យើងតាមរបៀបណាមួយឡើយ។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយអ៊ីរ៉ង់មានលក្ខណៈចម្រុះ ហើយកិច្ចសហប្រតិបត្តិការការពារជាតិ និងរីកចម្រើនអាស្រ័យទៅលើតម្រូវការរបស់ប្រទេសទាំងពីរ និងឆន្ទៈទៅវិញទៅមក»។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា «ការនិយាយដូច្នេះបានន័យថា បទបញ្ជាប្រតិបត្តិមួយទៀតនឹងមិនផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងទេ»។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅពេលមុននេះដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថា «កាលពីថ្ងៃទី២១ ខែកញ្ញា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គល និងអង្គភាពចំនួនជាងម្ភៃនាក់ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ គ្រាប់មីស៊ីល និងអាវុធសព្វាវុធ»។ មន្ត្រីរូបនោះបាននិយាយថា ផ្នែកសំខាន់នៃការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនេះ គឺបទបញ្ជាប្រតិបត្តិការដែលផ្តោតទៅលើអ្នកដែលទិញ ឬលក់អាវុធធម្មតារបស់អ៊ីរ៉ង់ ដែលនឹងត្រូវបានបង្ហាញដោយរដ្ឋបាល លោក ត្រាំ កាលពីថ្ងៃទី ២១ ខែកញ្ញាផងដែរ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)