ទីក្រុងសេអ៊ូលស្វែងរកកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីក្នុងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងសេអ៊ូល លោក Andrei Kulik ថា អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ប្រកបដោយការច្នៃប្រឌិតរបស់ប្រទេសរុស្ស៊ីក្នុងការដោះស្រាយដោយសន្តិវិធីនៅឧបទ្វីបកូរ៉េ។

លោក Lee បាននិយាយថា «ខ្ញុំសូមកោតសរសើរចំពោះមិត្តភាព និងសាមគ្គីភាពដែលប្រទេសរុស្ស៊ីបានបង្ហាញកន្លងមក ហើយខ្ញុំសូមស្នើសុំកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ»។ លោកបាននិយាយបន្ថែមថា «ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការបីផ្លូវដែលពាក់ព័ន្ធនិងកូរ៉េខាងត្បូង កូរ៉េខាងជើង និងរុស្ស៊ី គឺជាបញ្ហាសំខាន់មួយដែលអាចរួមចំណែកដល់សន្តិភាព និងការរីកចម្រើនរួមគ្នានៅក្នុងតំបន់អាស៊ីឦសាននិងតំបន់អឺរ៉ាស៊ី»។

លោករដ្ឋមន្ត្រីរូបនេះបានលើកឡើងអំពីសារៈសំខាន់ នៃការបន្តគម្រោងមនុស្សធម៌ជាមួយប្រទេស កូរ៉េខាងជើង។ យោងតាមរូបលោកបានឱ្យដឹងថា «កិច្ចខិតខំប្រឹងប្រែងជាប់លាប់ទៅលើវិធីសាស្រ្តខ្នាតតូចបែបនេះ អាចនាំឱ្យមានពេលវេលានៃការទុកចិត្ត និងជំនឿ»។

លោក Lee បានគូសបញ្ជាក់ថា «នៅក្នុងដំណើរការនេះ កិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសរុស្ស៊ី គឺជាកត្តាចាំបាច់»។ លោកបានកត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងសេអ៊ូល និងទីក្រុងមូស្គូ នៅមុនខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាង រុស្ស៊ី និងកូរ៉េខាងត្បូង។

បេសកកម្មការទូតរុស្ស៊ីបាននិយាយនៅលើទំព័របណ្តាញហ្វេសប៊ុករបស់ខ្លួនថា លោកឯកអគ្គរដ្ឋទូត Andrei Kulik បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចពិភាក្សារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីធានាបាននូវសន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលមានស្រាប់ដោយមធ្យោបាយសន្តិភាព នយោបាយ និងការទូត៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)