វៀតណាម និងកូរ៉េខាងត្បូងជំរុញទំនាក់ទំនងទ្វេភាគីក្នុងស្ថានភាពថ្មី

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០​ — ប្រទេសវៀតណាមនិងសាធារណរដ្ឋកូរ៉េ គួរតែបន្តគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍គ្នាក្នុងការទប់ស្កាត់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងស្ថានភាពថ្មីមួយ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយសមាជិកការិយាល័យនយោបាយ និងជាសមាជិក អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្ស លោក Tran Quoc Vuong ក្នុងឱកាសទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម លោក Park Noh-wan នៅទីក្រុងហាណូយ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយលោកបាននិយាយថា ជំងឺនេះនៅមិនទាន់ត្រូវបានគ្រប់គ្រងបាននៅឡើយទេនៅលើពិភពលោក។

លោកបានស្នើឱ្យភាគីទាំងសងខាងស្វែងរកវិធានការដែលមានប្រសិទ្ធិភាពបន្ថែមទៀត ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។

លោកបានស្នើឱ្យកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅក្នុងវេទិកាពហុតំបន់ និងអន្តរជាតិ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការសន្តិសុខ និងការគោរពច្បាប់ក្នុងទំនាក់ទំនងអន្តរជាតិ។

ឯកអគ្គរដ្ឋទូត លោក Park បានបញ្ជាក់ថា នៅក្នុងតួនាទីនេះ លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ចំណងទាក់ទងរវាងប្រទេសទាំងពីរ និងរវាងគណបក្សនយោបាយរបស់ប្រទេសលោក និងគណបក្សកុម្មុយនីស្តវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)