សម្ដេច​តេ​ជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយ​ចីរភាព​ឆ្នាំ​២០២០នៃ​WEF

វិទ្យុជាតិកម្ពុជា:ជៀង យ៉ារ៉េត
២២កញ្ញា២០២០


នៅវេលាម៉ោង៣រសៀលថ្ងៃ ទី២២ខែ កញ្ញានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ នឹងអញ្ជើញផ្តល់ចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំ​កំពូល​ ស្ដីពី​ផល​ប៉ះពាល់​លើ​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាពឆ្នាំ២០២០ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​(WEF)​ តាម​ប្រព័ន្ធ​ឌី​ជីតា​ល់​(Digital)​ នា​ទីស្ដីការ​នា យករដ្ឋមន្ត្រី។
វិបត្តិ​កូ​វីដ​-១៩ បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ដល់​សង្គមនិងសេដ្ឋកិច្ច និង​ជា​ឧបសគ្គ​ធំ​មួយ ​ដើម្បី​សម្រេច​បាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​ ការ​ដាក់​ពិភពលោក​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​សមភាព។ នៅក្នុង​បរិបទ​ នៃ​មហាសន្និបាត​អង្គការសហប្រ ជាជាតិ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ ស្តីពី​ផលប៉ះពាល់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចិីរភាព និង​និរន្ត​រភាព​ពេញលេញ​។ ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​(WEF)​ នឹង​កោះ​ប្រជុំ​មេដឹក នាំរដ្ឋាភិបាល អង្គការអន្តរជាតិ និង សង្គម​ស៊ីវិល ​រួមជាមួយ​ក្រុម​អ្នក​ជំនាញ ​ដើម្បី​ផ្ដួចផ្ដើម ,បង្កើន​ល្បឿន​និង​ពង្រីក​ដំណោះ ស្រាយសហគ្រាស ​ដោះស្រាយ​ការប្រែ ប្រួលអាកាសធាតុ ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​
វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឬ​ជា​ភាសា​អង់គ្លេស The World Economic Forum (WEF) ​ត្រូវ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧១ នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វីស ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សាស្ត្រាចារ្យ​ស្វីស លោក Klaus Schwab។ រហូតមកដល់​បច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិ បាលមួយនេះ មាន​អាយុកាល​ជិត​៥០​ឆ្នាំ​ហើយ​ សម្រាប់​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ប្ដេជ្ញា​លើកកម្ពស់​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទាំងមូល​។​ ជា​រៀងរាល់ឆ្នាំ​ នៅ​ខែមករា​ ក្នុង​ទីក្រុង Davos តំបន់​ជួរ​ភ្នំ​ភាគ​ខាងកើត ​នៃ​ប្រទេស​ស្វីស អង្គការ​មួយ​នេះ​ បានទទួល​ស្វាគមន៍​អ្នកដឹកនាំ​នយោបាយ ជំនួញ សិក្សាធិការ​ និង​វិស័យ​ផ្សេងៗ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សកល​ បញ្ហា​តំបន់ ​និង​បញ្ហា​ឧស្សាហកម្ម​៕