ក្រសួងអប់រំអំពាវនាវឱ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី១២បង្កើនការសិក្សាទ្វេដងដើម្បីទទួលបានជោគជ័យក្នុងការប្រឡង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ក្រសួង​មិន​បន្ធូរ​​បន្ថយស្តង់ដាប្រឡង នោះទេ ទំាងថ្នាក់ទី៩និងថ្នាក់ទី១២ ទោះបីមានការផ្អាក​ការសិក្សា​មួយរយៈ​ពេលក៏ដោយ។

ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវ ឱ្យសិស្សានុសិស្ស ដែលត្រៀមប្រឡងទាំងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សា​ទុតិយ​ភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រ ដោយត្រូវធ្វើស្វ័យសិក្សាឱ្យបានជាប់ជាប្រចាំ មិនថារៀននៅ​ក្នុង​ថ្នាក់ ឬនៅផ្ទះនោះទេ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងនាពេល ខាងមុខនេះ។

សំឡេង៖ «ខ្ញុំសុំឱ្យសិស្សដែលត្រៀមប្រឡង ថ្នាក់ទី៩ និងទី១២ ត្រូវរំលឹកមេរៀនឡើងវិញ ខិតខំប្រឹងប្រែងដើម្​បីទទួល​បានជោគជ័យ ដោយត្រូវធ្វើស្វ័យសិក្សាផង និងរៀនសូត្រនៅក្នុងថ្នាក់រៀនផង ដើម្បីកាត់បន្ថយនូវ​ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ លើវិស័យអប់រំ។

ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ដើម្បីត្រៀមប្រឡង ដោយក្រសួងមិនមានចេតនាដើម្បីទម្លាក់ ស្តង់ដាឱ្យទាបនោះទេ ដោយក្រសួងនឹងអនុវត្តទៅតាមស្តង់ដាដែលយើងរៀបចំដូចពេលមុនៗ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបាន​ផ្តល់ពេលវេលាសិក្សា បន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រ​ចិត្ត បង្រៀនបន្ថែមម៉ោង ដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អ មុនដំណើរការប្រឡង ។

សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ៕