ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ដល់២៣ខែកញ្ញា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា ៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០


MC.មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត នឹងអាចកើតមានឡើងនាព្រឹកព្រលឹម ចន្លោះថ្ងៃទី២១ដល់២៣ខែកញ្ញា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃទី២១នេះ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននាំឱ្យមហាជនដែលទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះកណ្តាលកំពូលប្រាសាទអង្គរវត្តមានចំនួនតិចតួច។
លោកបន្តថា តាមការរំពឹងទុកនៅព្រឹកថ្ងៃទី២២ស្អែកនេះ ព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរតែម្តង បើសិនមិនមានភ្លៀងធ្លាក់ទេនោះ ភ្ញៀវទេសចរអាចទៅទស្សនា និងផ្តិតយករូបភាពស្រស់ស្អាតនៅទីនោះបាន។ ព្រឹត្តិការណ៍នេះ តែងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
សំឡេង៖«ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងរហូត ប្រជាពលរដ្ឋគិតថាអត់មានថ្ងៃ តែព្រឹកនេះនៅសៀមរាបអត់មានភ្លៀងទេ តែមានពពកបាំងថតអត់ឃើញស្អាត ដោយសារចន្លោះថ្ងៃទី២១អាចនៅចំកណ្តាល អាចថ្ងៃទី២២ឬ២៣វាអត់ទៀត តែខ្ញុំមើលព្រឹកមិញអាច២២ វារះចំ បើសិនជាមេឃអត់ភ្លៀងទេ អាចថតបាន និយាយឱ្យចំ១ឆ្នាំ២ដង នៅខែមីនា ជួនកាលថ្ងៃទី២០ឬ២២ ដល់ខែកញ្ញា និយាយរួម៦ខែរះម្តង ជារៀងរាល់ថ្ងៃភ្ញៀវច្រើន មុនពេលកូវីដភ្ញៀវជាតិក៏ច្រើន អន្តរជាតិក៏ច្រើនតែឆ្នាំនេះដោយសារមានព្យុះផង»។
សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅអំឡុងខែមីនា និងលើកទីពីរកើតឡើងនៅអំឡុងខែកញ្ញា រៀងរាល់ឆ្នាំ។ អ្នកស្រាវជ្រាវបានអះអាងថា បាតុភូតនេះកើតឡើងចំពេលដែលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលគេហៅថា «សមរាត្រី» ឬហៅតាមអ្នកតារាសាស្ត្រថា Equinox។
នេះជាភាពអស្ចារ្យបំផុតមួយរបស់បុព្វបុរសខ្មែរសម័យមហានគរ ដែលបានប្រើបច្ចេកទេសវិស្វកម្ម ស្ថាបត្យកម្មបុរាណ កសាងប្រាសាទអង្គរវត្តនេះឡើង ដែលជាមហារតនវិមាននៃព្រះបរមវិស្ណុ ដោយបង្កើតគោលដៅសម្គាល់ពេលវេលា «សមរាត្រី» ញ៉ាំងឱ្យមហារាជធានីបុរាណខ្មែរមួយនេះក្លាយជាទីក្រុងទេវកថាដ៏ល្បីល្បាញលើពិភពលោក៕