ក្រសួងព័ត៌មាននឹងចាត់វិធានការផាកពិន័យចំពោះក្រុមហ៊ុនគ្រឿងស្រវឹងណាបន្តផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ខុសពីពិធីបុណ្យជាតិធំៗ

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២១ កញ្ញា ២០២០


MC៖ នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កន្លងមកមានក្រុមហ៊ុនគ្រឿងស្រវឹងមួយចំនួនបានធ្វើខុសពីគោលការណ៍អនុញ្ញាតរបស់ក្រសួង ដោយមិនព្រមដកស្លាកយីហោ ផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ចេញ។ ក្រសួងព័ត៌មានអនុញ្ញាតឱ្យដាក់ស្លាកផ្សាយអំពីការផ្តល់រង្វាន់នេះ តែនៅមុនពេលពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យ ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងបុណ្យអុំទូកប៉ុណ្ណោះ ។
ឯកឧត្តមបញ្ជាក់ថា នឹងណែនាំដល់ មន្ទីរព័ត៌មានរាជធានីខេត្តឱ្យចាត់មន្ត្រី ទៅ ពិនិត្យមើលតាមទីសាធារណៈ បើសិនជាក្រុមហ៊ុនណាមិនបានដកស្លាកផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹងដែលមានភ្ជាប់ការផ្តល់រង្វាន់យ៉ាងច្រើននោះទេ ក្រុមការងារ នឹងដកចេញ ហើយក្រុមហ៊ុននោះ ត្រូវបង់ថ្លៃសេវាសម្រាប់ការដើរដកចេញនេះ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធបានធ្វើការកោតសរសើរចំពោះលទ្ធផល ការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៅតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ និងគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង រួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេល កន្លងមកនេះ ។ ដូច្នេះអ្វី ដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នា បានកាន់តែជិត ស្និទ្ធដើម្បី បំពេញនូវរាល់បេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួង ព័ត៌មានត្រៀមបំពេញអោយបានកាន់មានប្រសិទ្ធភាពល្អជាងមុនទៀត ។
ឯកឧត្តមបញ្ជាក់ថា ក្រសួងព័ត៌មាន មានកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើទាំងថ្នាក់ជាតិ និងកិច្ចសហការ ជាអន្តរជាតិ ដែលប្រការនេះ ទាមទារអោយមានការសហការគ្នាល្អ ពីគ្រប់ផ្នែក គ្រប់ជំនាញ និងជាមួយស្ថាប័ន អង្គភាពពាក់ពន្ធ័ទាំងអស់ ដើម្បីអនុវត្តការងារឱ្យសម្រេចបានលទ្ធផលបានកាន់តែល្អបន្ថែមទៀត៕