សម្ដេចពិជ័យសេនា ទៀ បាញ់៖ ការចោទប្រកាន់របស់អាម៉េរិកមកលើកម្ពុជា និង​ក្រុមហ៊ុនចិននៅកម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ —

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិបាន​គូស​បញ្ជាក់ថា ការចោទប្រកាន់របស់​សហរដ្ឋ​អាមេរិកទាក់ទងនឹងបញ្ហារំលោភ​បំពានសិទ្ធិ​មនុស្ស និងអំពើពុករលួយមកលើរាជរដ្ឋាភិបាលកម្ពុជា និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន​វិនិយោគចិន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (Union Development Group Co. Ltd.) នៅ​កម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយតែប៉ុណ្ណោះ។ ការគូស​បញ្ជាក់​ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ នេះ ធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី ដែលបាន​​វិនិ​យោគ​លើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគិរី​សាគរ នៅខេត្ដកោះកុង។

តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាភាសាខ្មែរនៅក្រៅប្រទេស សម្ដេច​ពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្រុមហ៊ុនធ្វើការវិនិយោគដោយត្រឹម​ត្រូវ​តាម​ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា​គ្រប់បែប​យ៉ាងទាំងអស់ ហើយក្រុមហ៊ុនទទួល​អនុវត្ដ​តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដូចជាក្រុមហ៊ុន​ដទៃៗទៀត​ដែលធ្វើ​ការ​វិនិយោគនៅកម្ពុជាដែរ។ សម្ដេចពិជ័យសេនាបានអះអាងថា ក្រុមហ៊ុនគ្មាន​ធ្វើការ​រំលោភយកដីប្រជាពលរដ្ឋ តាមតែការចោទដោយគ្មានមូលដ្ឋាន គ្មានការសិក្សា​ស្រាវ​ជ្រាវ​បានច្បាស់លាស់របៀបហ្នឹងទេ គ្មានទេ។ សម្ដេចពិជ័យសេនាបានថ្លែង​បញ្ជាក់​ថា “អារឿង​ហ្នឹង ខ្ញុំដូចជាគ្មានយោបល់អីទេ ព្រោះរឿងសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនចិនហ្នឹង​គឺវា​ជារឿងធម្មតាទេពាក់ព័ន្ធនឹងភូមិសាស្រ្ដនយោបាយ ឱ្យតែក្រុមហ៊ុន មិនមែនតែ ក្រុមហ៊ុន ញូញៀនហ្នឹងមួយទេ ក្រុមហ៊ុនណាក៏ដោយ ឱ្យតែសហរដ្ឋអាមេរិក តែងតែលេច ឮនូវរឿង​ហ្នឹងជាបន្ដបន្ទាប់។ ខ្ញុំក៏មិនមានយោបល់អីដែរ បើសិនជានិយាយលើកឡើង ពីរឿង​ពុករលួយ រំលោភសិទ្ធិ​មនុស្សគឺគ្មានទេ”។ សម្ដេចពិជ័យសេនាបានពន្យល់ថា កិច្ចការទាំង​អស់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាធ្វើទៅតាមច្បាប់ទាំងអស់ ហើយប្រសិនបើត្រូវ មានការប៉ះ​ពាល់ទៅលើប្រជាជន គេបានដោះស្រាយគោលនយោបាយ បានទទួលយកទាំងអស់ គ្មានអ្វីទៅធ្វើអ្វីដែលប្លែក ខុសពីច្បាប់ដែលកម្ពុជាមាននោះទេ។ សម្ដេចពិជ័យ​សេនាបាន​បន្ដថា រឿងដែលសហរដ្ឋអាមេរិកចង់ចោទតែប៉ុណ្ណឹងឯង។

សម្ដេចពិជ័យសេនាបានបន្ថែមថា “អាហ្នឹងគឺជាការចោទ ដើម្បីបំណងរបស់គេ​ក្នុង​ការធ្វើ ហើយខ្ញុំគិតថា គេមិនត្រឹមតែធ្វើតែប៉ុណ្ណឹងនោះទេ គេនឹងបន្ដធ្វើទៀត។ តាមពិត​ក្រុមហ៊ុន​គេធ្វើ​ត្រឹមត្រូវតាមច្បាប់តម្រូវឱ្យធ្វើ មានការពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំង​អស់”។ តែទោះបីយ៉ាងណាក៏ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជាការពិតហើយ បើចង់ធ្វើការអភិវឌ្ឍ និងការវិនិយោគ វាតែងតែមានការប៉ះពារខ្លះហើយ ក៏ប៉ុន្ដែការប៉ះពារហ្នឹងគឺសុទ្ធសឹងតែមានការជជែក មានការផ្ដល់សំណងជាក់លាក់ ដើម្បី​ផ្ដល់ជូនដល់អ្នកទាំងអស់នោះដោយទទួលយកដោយស្មោះស្ម័គ្រ រៀបចំភូ​មិករ និងរៀបចំ​គ្រប់អ្វីៗទាំងអស់ក្នុងការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះរស់នៅស្រួលគ្រប់បែបយ៉ាងទាំងអស់។ សម្ដេចពិជ័យសេនាបានឱ្យដឹងទៀតថា សព្វថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋគេមាន​ជីវភាពរស់នៅធូរធារ ហើយអ្នកដែលចាកចេញប៉ុន្មាន​គ្រួសារហ្នឹងគឺ​បាន​ធូរធារ។ ចំណែកអ្នកនៅសល់ប៉ុន្មានគ្រួសារទៀត គេកំពុងដោះស្រាយ និងចរចាជា​មួយ​គ្នាបន្ដទៀត។ សម្ដេចពិជ័យសេនាបានថ្លែងបន្ថែមថា “រឿងគេចោទហ្នឹងគឺមានតែ​ប៉ុណ្ណឹងទេ ខ្ញុំមិនដឹងយកទៅពន្យល់ដោយរបៀបណានោះទេ ពីព្រោះបំណងរបស់គេចង់​ចោទ​មកលើយើងហើយត្រូវតែអីច្ចឹង”។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើកម្ពុជា និងមកលើក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមេន គ្រុបនេះថា គឺមិនមែនជា​រឿងថ្មីអ្វីដែរ ហើយរឿងនេះវាក៏មិនមែនកើតឡើងពីឥឡូវនេះ​ដែរគឺនិយាយមែនទែន​គឺការ​ចោទប្រកាន់ ការលើកឡើងពីប្រភពគួរឱ្យជឿជាក់បានរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា និងក្រុមហ៊ុនចិននៅកម្ពុជាគឺសុទ្ធសឹងជាមហិច្ឆតាខាងភូមិសាស្រ្ដនយោបាយនោះទេ។ “ខ្ញុំក៏មិនចង់យកមកវិភាគឱ្យវែងឆ្ងាយអីនោះដែរ រឿងគ្មានអីឱ្យពិតប្រាកដអីទាល់តែសោះ ហើយរឿងកន្លែងខ្លះគឺលើកឡើងពីអញ្ជេះ អញ្ចុះទៅតាមការគិតគូររបស់គេគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយ តែប៉ុណ្ណឹងឯង វាគ្មានអីចម្លែកនោះទេ គឺតាំងពីណាពីណីមកនោះ”។ នេះជាការអះអាងបន្ថែមរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានកត់សម្គាល់ឃើញថា ចំពោះមូលដ្ឋាន​របស់​សហរដ្ឋអាមេរិកគឺនៅពេញពិភពលោកហ្នឹងគឺរឿងអ្វីដែរ អត់មានអ្នកណាសួរដេញដោល​ដល់សហរដ្ឋអាមេរិកផង។ ចំណែកកន្លែងផ្សេងៗមិនទាន់នឹងមានអ្វីផង មិនទាន់ធ្វើអ្វីផង ហើយតាំងថាទុកចិត្តបានត្រូវធ្វើអីចេះ អីចុះ។ សម្ដេចពិជ័យសេនាបញ្ជាក់បន្ថែមថា “ពិបាក​ពន្យល់ណាស់ ខ្ញុំគ្មានអីពន្យល់បានទេ ហើយខ្ញុំក៏មិនមានការពន្យល់ ឬការបារម្ភអីក៏វា​អត់បាន​ការអីដែរព្រោះមហាអំណាចគេចង់ធ្វើអី គេចង់តែធ្វើតាមតែចិត្ដគេទេ។ រឿងពិត រឿង​មិនពិតគេប្រឌិតឱ្យពិតក៏ថាបាន គេចង់ធ្វើអីគឺគេធ្វើទៅតាមឆន្ទៈគេដែលគេចង់​បាន​តែ​ប៉ុណ្ណឹង។ ដូច្នេះរឿងនេះគឺជារឿងដែលយើងមិនអាចទៅពន្យល់ ឬបកស្រាយអីបានទេ”។

ជាការកត់សម្គាល់បន្ថែមក្នុងការវិនិយោគរបស់ក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមេន គ្រុប នៅក្នុងប្រទេសកម្ពុជា សម្ដេចពិជ័យសេនាបានឱ្យដឹងថា ការធ្វើការវិនិយោគអ្វី​គឺសុទ្ធ​សឹង​តែមាននៅ​ក្នុង​ច្បាប់ កិច្ចព្រមព្រៀងជាមួយគេ ក្រុមហ៊ុនគេមានភាពច្បាស់លាស់របស់​គេ ហើយការ​លើកឡើង និងចោទប្រកាន់ដល់ក្រុមហ៊ុនចិននេះ គឺគ្មានអ្វីក្រៅពីការរារាំង​កុំឱ្យមាន​ការ​អភិវឌ្ឍរីកចម្រើនដល់ប្រទេសណាក៏ដោយមិនថាតែកម្ពុជានោះទេ គឺយល់ទៅ​តាម​ការវាយ​តម្លៃរបស់ខ្លួន ចេះតែចោទទៅនោះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងបន្ថែមថា “សំខាន់បំផុតបើមានក្រុមហ៊ុនមក​វិនិយោគ មិនថាក្រុមហ៊ុនណាទេគឺជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេស​នោះ ឱ្យចាកផុតពីភាពក្រីក្រ។ ជាធម្មតាទេ ការចោទប្រកាន់នេះ មិនមែនជាទីពេញចិត្ដ​របស់​​​អ្នក​មួយ​ចំនួនគឺបានបង្កើតរឿងហ្នឹង”៕

ដោយ រិទ្ធី