ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បានទទួលអំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

AKP កែប ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០

អំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា  ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ  នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី២០  ខែកញ្ញា  ឆ្នាំ២០២០  ដោយពិធីប្រគល់ជូននេះតាមរយៈ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត  និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយសមាជិក គណៈកម្មាធិការសាខា  អាជ្ញាធរស្រុក  ឃុំ  ភូមិ  និងអ្នកស្ម័គ្រចិត្ត។

តាមការលើកឡើងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់មានចំនួន១៦គ្រួសារ  ស្ថិតក្នុងភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំពោះអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន ៣២០គ.ក្រ ទឹកត្រីចំនួន ៩៦ដប  និងថវិកា ចំនួន ១,១៥០,០០០រៀល។

ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំផ្សេងៗ  ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែមានការរីកចម្រើន៕

ដោយ ប្រាក់ លាង