រដ្ឋមន្រ្តីក្រសួងទេសចរណ៍កោតសរសើររដ្ឋបាលខេត្តព្រះសីហនុដែលបានជួយរំដោះភ្ញៀវទេសចរជាប់នៅលើកោះប្រកបដោយសុត្ថិភាព

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ស៊ឹង សុផារី ថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២០


MC៖ ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានសំដែងនូវការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំបញ្ជាកម្លាំងគ្រប់សមត្ថកិច្ច មន្ទីរពាក់ព័ន្ធ រួមជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ជួយរំដោះភ្ញៀវទេសចរប្រមាណជាង ១០០០នាក់ ដែលបានជាប់នៅលើកោះមួយចំនួន ដោយសារឥទ្ធិពលព្យុះនូល (Noul) ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ប្រតិបត្តិការជួយរំដោះភ្ញៀវទេសចរប្រមាណជាង ១០០០នាក់ ដែលបានជាប់នៅលើកោះមួយចំនួន ដោយសារឥទ្ធិពលព្យុះនូល (Noul) ប្រកបដោយវិជ្ជាជីវៈនេះ បាន ឆ្លុះបញ្ចាំងឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ផ្នែកពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយគ្នាក្នុងការធានាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរដែលទៅកម្សាន្តនៅគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា កិច្ចប្រតិបត្តិការជួយសង្គ្រោះនេះបានប្រើប្រាស់កាណូតល្បឿនលឿនចំនួន១៨គ្រឿង ចេញដឹកជញ្ជូនចំនួន២៦ជើង ដែលមានភ្ញៀវទេសចរសរុបចំនួន ១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ១៥ឆ្នាំមានចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់។
សំឡេង ៖ កិច្ចប្រតិបត្តិការដឹកជញ្ជូនភ្ញៀវទេសចរណ៍ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលជាប់គាំងនោះ គឺមានការចូលរួមយ៉ាងសកម្មពីរដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធ មានការចូលរួមពីវិស័យឯកជន ក៏ដូចជាសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ មានន័យថាជាកិច្ចការមួយយ៉ាងល្អប្រសើរដែលធ្វើឲ្យកិច្ចប្រតិបត្តិការរបស់យើងទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ការងារជួយសង្គ្រោះភ្ញៀវទេសចរមកដីគោកវិញ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០ដោយមិនគិតថ្លៃឡើយ ស្របពេលអាកាសធាតុលើផ្ទៃសមុទ្រមានភាពល្អប្រសើរឡើងវិញ នេះគឺជាលើកទី២ ហើយសម្រាប់អ្នកដំណើរទៅលេងកម្សាន្តតំបន់កោះនានានៅខេត្តព្រះសីហនុ៕