ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជួបវិបត្តិនៃជំងឺកូវីដ- ១៩

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ២១ ០៩ ២០២០


MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញារក្សាស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីវិបត្តិនៃជំងឺកូវីដ-១៩នេះ ដើម្បីរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សជាតិ ។
ក្នុងសារលិខិតអបអរសាទរទិវាសន្តិភាពអន្តរជាតិ ក្រោមមូលបទ ការកសាងសន្តិភាពជាមួយគ្នា នៅថ្ងៃទី២១ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារកត្តាសន្តិភាព បានធ្វើឱ្យកម្ពុជាមានឱកាសប្រឹងប្រែងងើបឈរដោយខ្លួនឯងប្រកបដោយមោទនភាពបំផុត ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
សម្តេចតេជោបញ្ជាក់ថា ដោយសារតែរលកព្យុះនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបោកបក់មកលើសេដ្ឋកិច្ចនិងសង្គមនៅគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផងដែរ ហើយការរីករាលដាលនៃមេរោគកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនេះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះនៃប្រវត្តិ សាស្រ្តរបស់ខ្លួន។
សម្តេតេជោ អះអាងថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្តេចប្តេជ្ញាសារជាថ្មី ក្នុងការថែរក្សាឱ្យបាននូវភាពម្ចាស់ការលើការងារជាអាទិភាពចម្បង គឺការបន្តរក្សានូវស្ថិរភាពនយោ បាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណា ការឡើងថ្លៃទំនិញក្នុងទីផ្សារ និងការបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់នូវភារកិច្ចចំនួនប្រាំ ដែលបានដាក់ចេញកាលពីថ្ងៃទី១៤សីហា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីសន្តិភាព សុវត្ថិភាព សុខមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ។
សូមបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ច ក៏ដូចជាស្ថាប័នអន្តរជាតិធំៗ បង្ហាញថា ភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងធ្លាក់ចុះក្នុងរង្វង់ -១,៩% នៅឆ្នាំ២០២០នេះ ៕