កូរ៉េខាងត្បូងបរិច្ចាគឧបករណ៍ធ្វើតេស្តជំងឺកូវីដ- ១៩ តម្លៃ ៩៣០លានវ៉ុនដល់អាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ យោងតាមមន្រ្តីការទូតបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បួងបានបរិច្ចាគឧបករណ៍ធ្វើតេស្តរកមេរោគឆ្លងថ្មីកូរ៉ូណាវីរុសដែលមានតម្លៃ ៩៣០លានវ៉ុន (៨០០.០០០ដុល្លារអាមេរិក) ដល់ប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសអាហ្វហ្គានីស្ថានបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ កញ្ចប់ឧបករណ៍ធ្វើតេស្តនៃប្រភេទខ្សែសង្វាក់ប្រតិកម្ម polymerase (RT-PCR) ជាង ៤០.០០០ឈុត ត្រូវបានប្រគល់ឱ្យនៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល។

ពិធីប្រគល់អំណោយនេះត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានដោយមានការចូលរួមពីលោក Rhee Zha-hyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាហ្វហ្គានីស្ថាន និងលោក Ahmad Jawad Osmani រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន។

លោក Rhee បានពន្យល់ថា ប្រជាជនកូរ៉េខាងត្បូងមានការអាណិតអាសូរយ៉ាងខ្លាំងចំពោះការឈឺចាប់ និងបញ្ហាដែលប្រជាជនអាហ្វហ្គានីស្ថានបានជួបប្រទះពីសង្គ្រាមស៊ីវិល និងជម្លោះដែលមានរយៈពេលរាប់ទសវត្សកន្លងមកនេះ។

យោងតាមអ្នកការទូតរូបនេះបាននិយាយថា លោក Osmani បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូងចំពោះការបរិច្ចាគនេះ ហើយបានសន្យាថា នឹងប្រើប្រាស់ឧបករណ៍នេះដោយតម្លាភាព។

កូរ៉េខាងត្បូងក៏គ្រោងនឹងផ្តល់បរិក្ខារសម្រាប់ការដាក់ឱ្យដាច់ដោយឡែកមួយផ្សេងទៀត ដែលមានតម្លៃ ២០០.០០០ដុល្លារអាមេរិក ដល់ប្រទេសអាហ្វហ្គានីស្ថានផងដែរ។

យោងតាមទិន្នន័យពីអង្គការ Worldometers បានឱ្យដឹងថា ចំនួនករណីសរុបនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានប្រមាណ ៣៩.០០០ករណី គិតត្រឹមថ្ងៃអាទិត្យ។ តួលេខពិតប្រាកដត្រូវបានគេគិតថា ខ្ពស់ជាងនេះការគេគិតថា ប្រទេសនេះបានធ្វើតេស្តទៅលើប្រជាជនតែ ១០៨.០០០នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ៣៧,៦លាននាក់៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)