វៀតណាមស្វាគមន៍ចំពោះកិច្ចចរចារវាងរដ្ឋាភិបាល និងក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០​ — ប្រទេសវៀតណាមបានស្វាគមន៍ចំពោះកិច្ចចរចារវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងនៅក្នុងក្រប ខ័ណ្ឌនៃគណៈកម្មាធិការធម្មនុញ្ញដើម្បីស្វែងរកភាពស្រដៀងគ្នាកាលពីចុងខែសីហា នឹងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាកិច្ចសន្ទនា និងកិច្ចចរចាប្រកបដោយការស្ថាបនា។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៃប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែកញ្ញា ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Hai Anh អនុប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ដំណោះស្រាយតែមួយគត់ចំពោះសន្តិភាព និងស្ថិរភាពនៅស៊ីរី គឺការដឹកនាំដំណោះស្រាយនយោបាយ និងកាន់កាប់ដោយប្រជាជនស៊ីរីស្របតាមច្បាប់អន្តរជាតិ ស្តីពីមូលដ្ឋានគ្រឹះនៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

ឯកអគ្គរដ្ឋទូតរូបនេះបានគូសបញ្ជាក់អំពីភាពចាំបាច់ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពរយៈពេលវែងដើម្បីបម្រើដល់កិច្ចពិភាក្សា ក៏ដូចជាជំរុញកិច្ចប្រឹងប្រែងការទូតក្នុងការគាំទ្រដល់ដំណើរការនយោបាយ និងរក្សាជំនួយដល់ប្រទេសស៊ីរីក្នុងការដោះស្រាយបញ្ហាប្រឈមខាងសង្គមសេដ្ឋកិច្ច និងកិច្ចការមនុស្សធម៌ ព្រមទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ។

នៅក្នុងព្រឹត្តិការណ៍នោះ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី លោក Geir Pederson បាននិយាយថា កិច្ចពិភាក្សាលើកទី៣ របស់គណៈកម្មាធិការធម្មនុញ្ញដែលបានធ្វើឡើងនៅក្នុងខែសីហា នៅទីក្រុងហ្សឺណែវ បានបង្ហាញអំពីលទ្ធភាពក្នុងការស្វែងរកមូលដ្ឋានរួមរវាងភាគីទាំងពីរ។

ទោះជាយ៉ាងណា លោកបាននិយាយថា នៅតែមានការខ្វែងគំនិតគ្នាយ៉ាងច្រើនក្នុងចំណោមភាគីទាំងអស់ទាក់ទងនឹងបញ្ហាលេចធ្លោ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការឈានដល់កិច្ចព្រមព្រៀងដំបូងអំពីរបៀបវារៈសម្រាប់សម័យប្រជុំបន្ទាប់ដែលគ្រោងធ្វើនៅដើមខែតុលា។

លោកបានសន្យាថា នឹងខិតខំជួយដល់ភាគីនានាក្នុងដំណើរការនេះ ហើយបានអំពាវនាវឱ្យមានការគាំទ្រជាបន្តពីសហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ចំពោះមាគ៌ាការទូតសម្រាប់ការអនុវត្តដំណោះស្រាយលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)