ក្រសួងមហាផ្ទៃកំពុងតាមដានមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា


MC៖ ក្រសួងមហាផ្ទៃកំពុងតាមដានមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ខណៈដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម………………..
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត និងកងកម្លាំងឈរជើងនៅតាមច្រកព្រំដែន សហការគ្នាទប់ស្កាត់ និងស្រាវជ្រាវរក ឬចាប់មេខ្យល់ ដែលអូសទាញប្រជាពលរដ្ឋ ឱ្យឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសជិតខាង ។ លោកជំទាវបានបន្តថា កន្លងមកមានមេខ្យល់មួយចំនួន បានបំផុសព័ត៌មានមិនពិតថា ប្រទេសថៃបើកច្រកឱ្យប្រជាពលរដ្ឋខ្មែរចូលទៅរកការងារធ្វើវិញដូចដើម ។ ករណីនេះ លោកជំទាវបានបញ្ជាក់ថា ជាការបំភ្លៃខុសពីការពិត ហើយក្រុមការងារជំនាញ បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាព្រំដែន ត្រូវស្រាវជ្រាវចាប់មេខ្យល់ និងអ្នកឃុបឃិតគ្នា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សំឡេង៖ «សូមឲ្យបងប្អូនយើង ដែលត្រលប់មកវិញ ក៏ត្រៀមឈានជើងចេញទៅវិញនេះ ពិនិត្យស្ថានភាពឲ្យស្រួលបួលបើរាជរដ្ឋាភិបាលគេធានាចាំយើងចេញ។ប្រសិនបើគ្មានការធានាពីរាជរដ្ឋាភិបាលទេគ្រាន់តែលឺតាមមេខ្យល់ទេគឺគួរតែកុំទៅ។ក្រសួងមហាផ្ទៃជាពិសេសសម្តេច ក្រឡាហោមបានដាក់ចេញពីវិធានការ ឲ្យតាមបណ្តាខេត្ត ជាពិសេសតាមស្ថាប័ន ដែលជាសមត្ថកិច្ចគឺតាមដាន។ អាជ្ញាធរតាមមូលដ្ឋានបងប្អូនប្រជាពលរដ្ឋមករាយការណ៍ ប្រសិនបើមានអ្នកណាម្នាក់ព្យាយាមអូសទាញឲ្យប្រជាពលរដ្ឋយើង ចេញក្រៅប្រទេសក្នុងដំណាក់កាលកូវីដ១៩នេះ។ខ្ញុំគិតថាគឺជាមេខ្យល់នៃការជួញដូរមនុស្ស ដែលត្រូវមានទោសពីព្រោះឥឡូវនេះដំណាក់កាលយើងធ្វើការផ្សព្វផ្សាយអប់រំលួងលោមណែនាំបានច្រើនហើយបើនៅតែមានអ្នក ប្រព្រឹត្តមិនត្រឹមត្រូវទៀត គឺឈានទៅដល់វិធានការច្បាប់ហើយ»។
សូមបញ្ជាក់ថា មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែននានា បានចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ដោយបានបំពេញ ការងារ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅ ត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរ និងឯកសារច្បាប់ពាក់ព័ន្ធផ្សេងៗដែលមាន លក្ខណៈស្របច្បាប់នៅច្រកទ្វារព្រំដែន។ នៅគ្រប់ច្រកទំាងអស់មន្រ្តីជំនាញបានរឹងបណ្តឹងការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ ១៩រីករាលដាល ចូលក្នុងសហគមន៍ ៕