រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់តេជោបុស្សស្បូវកំពុងបង្អួតសម្រស់នៅជើងភ្នំដងរែកខេត្តព្រះវិហារ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 18,09,2020

Mc ៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់តេជោបុស្សស្បូវ កំពុងបង្អួតសម្រស់នៅជើងភ្នំដងរែកខេត្តព្រះវិហារ ដែលពោរពេញទៅដោយសម្រស់ធម្មជាតិ មានព្រៃប្រឹក្សាតូចធំលាយឡំជាមួយនឹងផ្ទាំងថ្ម យ៉ាងស្រស់ស្អាត អមដោយ សម្លេងទឹកធ្លាក់យ៉ាងរណ្តំ គួរជាទីគយគន់ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………………
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានប្រសប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់តេជោបុស្សស្បូវនេះ មានភ្ញៀវទេសចរមក ទស្សនា ស្រូបយកខ្យល់អាកាសបរិសុទ្ធ មកទទួលទានអាហារ និងងូតទឹកលេងយ៉ាងត្រជាក់ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃគួរជាទីមនោរម្យ ។
លោកបានបន្តថា នៅរដូវវស្សា ទេសភាពនៅតំបន់រមណីយដ្ឋានទឹកធ្លាក់តេជោបុស្សស្បូវ នេះបានប្រែក្លាយទៅជាទេសភាពពណ៌បៃតង ស្រស់បំព្រង ជាមួយនឹងទេសភាពព្រៃឈើតូចធំដុះអមលាយឡំជាមួយផ្ទាំងថ្ម ធ្វើឲ្យទេសភាពកាន់តែគួរឲ្យចង់គយគន់ បើបាន មក លេងម្តងហើយ ចង់មកម្តងទៀត ។
សំឡេង៖ « ទឹកធ្លាក់ដែលមាននៅក្នុងខេត្តនេះ គឺមានតែខែវស្សាទេចំណែកខែប្រាំងគឺអត់មានទេ ហើយពាក់ព័ន្ធនឹងទឹកធ្លាក់តេជោបុស្សស្បូវនេះ គឺរៀងរាល់ឆ្នាំតំបន់នេះមានទឹកច្រើនក៏អំណោយផលពីទឹកភ្លៀង នៅពេលមានភ្លៀងធ្លាក់ខ្លាំងក៏មានទឹកច្រើនដែរ ទីតាំងនេះគឺជាគោលដៅដែលភ្ញៀវអាចទៅលេងកម្សាន្តបាន» ។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់តេជោបុស្សស្បូវ ស្ថិតនៅតំបន់ជាយដែនរវាងខេត្តព្រះវិហារនិងប្រទេសថៃ ក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយភ្ញៀវទេសចរគ្រាន់តែចូលតាមផ្លូវក្រួសក្រហម ចម្ងាយប្រមាណ១៦គីឡូ ម៉ែត្រ នៅត្រង់ចំណុចកណ្តាលនៃផ្លូវបំបែកឆ្ពោះទៅតំបន់ប្រាសាទព្រះវិហារនិងទីប្រជុំជនស្រុកជាំក្សាន្តខេត្តព្រះវិហារ ៕