អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សីនិងការកែច្នៃផលិតផលទំពាំង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០៩ ២០២០

MC៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សី និងការកែច្នៃផលិតផល ទំពាំង ដើម្បីបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។

លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ន ប្រជាសហគមន៍អាចធ្វើសិប្បកម្មឫស្សីលក់បានជាបណ្តើរៗហើយ គ្រាន់តែការផលិតនោះគឺនៅមានកម្រិតទាប មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការបានឡើយ ។

លោកបានបន្តថា ជាជំហានបន្ត អង្គការនឹងពង្រីកសមាជិកនៅក្នុងសហគមន៍បន្ថែមទៀត និងធ្វើយ៉ាងណាឱ្យអ្នកដែលចេះជំនាញនេះ អាចមានលទ្ធភាពផលិតខ្លួនឯងឱ្យបានលឿនដើម្បីឆ្លើយតបទីផ្សារ ហើយអង្គការកំពុងពិនិត្យលទ្ធភាពក្នុងការជួយជាឧបករណ៍ បន្ថែមទៀតដល់ប្រជាសហគមន៍។

សំឡេង«យើងបង្កើនល្បឿនឱ្យគាត់ឈានទៅដល់កម្រិតមួយ ដែលអាចឯករាជ្យបានក្នុងការធ្វើ ការងារនេះយើងបានធ្វើទីមួយការកែច្នៃ ទីពីរយើងកំពុងរកទីផ្សារថ្មីបន្ថែមទៀតគឺការកែច្នៃទំពាំងដែលបានពីឫស្សី សម្រាប់លក់ទៅកាន់ ទីផ្សារជាតិនិងអន្តរជាតិ។ យើងពិនិត្យទៅលើទិដ្ឋភាពពីរ ជាចំពោះមុខគឺទី១ ទំពាំងស្ងួតនិងទំពាំងជ្រក់ ដែលមានទីផ្សារ ក្នុងស្រុក ធ្វើកិច្ចសន្យាដើម្បីបញ្ជាទិញ ទី២គឺយើងបានពង្រឹងពីសមត្ថភាពរបស់គាត់និងការផ្តល់បច្ចេកទេសក្នុងការធ្វើថ្នាល បណ្តុះកូនឫស្សី សម្រាប់ដាំ ហើយទី៣ យើងកំពុងទាក់ទងជាមួយក្រុមហ៊ុននៅអាមេរិក ដើម្បីនាំចេញឫស្សីនេះក្នុងទម្រង់មួយកម្រិតរាប់តោនក្នុងមួយឆ្នាំ ដែលត្រូវចុះកិច្ចសន្យា » ។

សូមបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញសិប្បកម្មផលិតសម្ភារ ប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក ដល់ប្រជាពលរដ្ឋស្ថិតនៅស្រុកកែវសីមាខេត្តមណ្ឌលគិរី ដើម្បីឲ្យពួកគាត់អាចរកប្រាក់ ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ។ ការបង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា រយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២១ ៕