រដ្ឋមន្រ្ដីក្រសួងការងារ អះអាងថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២១ មិនប៉ះពាល់ជាមួយEBAទេ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

MC៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២១ មិនប៉ះពាល់ជាមួយការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) ២០ភាគរយនោះទេ ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយពីសភាពអ៉ឺរ៉បនេះ គឺមិនមែនជាឧបស័គ្គក្នុងការរារាំងមិនតម្លើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតក្នុងឆ្នាំ២០២១នោះទេ ប៉ុន្ដែដោយសារតែវិបត្តិកូវីដ១៩ វាបានប៉ះពាល់គ្របដណ្ដប់ស្ទើរលើគ្រប់វិស័យ។

សំឡេង«រឿង EBAគឺអត់មានបញ្ហាអ្វីនោះទេ ដោយសារតែជំងឺកូវីដនេះ វាគ្របដណ្ដប់ជិតអស់ហើយ»។

ទោះបីជាយ៉ាងណា កម្មករនិយោជិត នៅតែទទួលបានវិជ្ជមាន ដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀត លើតួលេខ ១៩០ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនដល់១៩២ដុល្លារ នៅឆ្នាំ២០២១ខាងមុខនេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ១៩ ការនាំចេញរបស់កម្ពុជាមានផ្នែកខ្លះកើនឡើង និងផ្នែកខ្លះថយចុះ ប៉ុន្ដែស្ថានភាពបែបនេះ គឺវាមិនមានភាពល្អដូចមុននោះទេ ហើយក៏មិនអាក្រក់នោះដែរសម្រាប់កម្ពុជា។ ឯកឧត្ដមបន្ដថា ក្នុងការជួបបញ្ហាប្រឈមការនាំចេញនេះ ក្រុមអ្នកបញ្ជាទិញ និងអ្នកផ្គត់ផ្គង់កំពុងតែរកវិធីសាស្រ្ដល្អៗបន្ថែមទៀត ដើម្បីបន្ដអាជីវកម្ម និងផលិតកម្មរបស់ខ្លួនក្នុងបរិបទជំងឺកូវីដ១៩នេះ ។

សូមបញ្ជាក់ថា ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ គឺមានរោងចក្រសហគ្រាសមួយចំនួនបានព្យួរការងារ គឺមានការឡើងចុះ ក្នុងចន្លោះពី១០០ដល់១៥០រោងចក្រ ហើយផលប៉ះពាល់ដល់កម្មករនិយោជិត ក្នុងចន្លោះពី៤ម៉ឺនទៅ៥ម៉ឺននាក់ផងដែរ៕