អាជ្ញាធរខេត្តឧត្តរមានជ័យកែលម្អតំបន់ទេសចរណ៍ចំនួន៥កន្លែង ដើម្បីស្វាគមន៍ភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី

MC:អាជ្ញាធរខេត្តឧត្តរមានជ័យកែលម្អតំបន់ទេសចរណ៍ចំនួន៥កន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យទៅលេងកម្សាន្ដកាន់តែច្រើន។

លោកស្រី ធីននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មន្ទីរបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំតំបន់ ទេសចរណ៍សំខាន់ៗចំនួន៥កន្លែង ដែលមានសក្តានុលសម្រាប់ទទួលភ្ញៀវទេសចរទៅលេងកម្សាន្ដឱ្យមានភាពសប្បាយរីករាយ។

លោកស្រី បានបន្តថា តំបន់ទេសចរណ៍សំខាន់ៗចំនួន៥កន្លែងនេះ រួមមានតំបន់ទេសចរណ៍ អាតោរូងដែក សង្ឃរុក្ខាវ័ន្ត តំបន់ប្រវត្តិសាស្រ្តអន្លង់វែង តំបន់ធម្មជាតិរលួសធំ ប្រាសាទតាមាន់ និងប្រាសាទតាក្របី។

លោកស្រីបញ្ជាក់ថា តំបន់ទេសចរណ៍ទំាងនោះជាតំបន់ទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្រ្ត កំពុងមានការចាប់អារម្មណ៍ ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តទំាងថ្ងៃបុណ្យទាន ឬក៏ថ្ងៃឈប់សម្រាកពីការងារ។ លោកស្រីបានបន្ថែមថា អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍតំបន់ទាំងនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ បែបធម្មជាតិ ប្រកបដោយភាពទាក់ទាញ ខណៈដែលសក្តានុពលទេសចរណ៍ក្នុងខេត្តមួយនេះ ជាប្រភពចំណូល មិនចេះរីងស្ងួត របស់ ប្រជាពលរដ្ឋនៅតំបន់នោះ ។
(សំឡេង៖ទីមួយយើងផ្អែកទៅលើអនាម័យសុវត្ថិភាពម្ហូបអាហារនិងការកុំឱ្យដំឡើងថ្លៃហួសហេតុពេកនៅពេលមានបុណ្យទានម្តងៗនិងទីពីរទាក់ទងទៅនឹងសន្តិសុខសុវត្ថិភាព។

លោកស្រីប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ដនៅខេត្ដឧត្តរមានជ័យ ចូលរួមធ្វើអនាម័យ និងរក្សាបរិស្ថាន ឲ្យបានល្អ ជាពិសេសក្រុមអាជីវករត្រូវបម្រើសេវាកម្មទេសចរណ៍ឲ្យបានល្អ ដែលជាទំនុកចិត្តក្នុងការទាក់ទាញភ្ញៀវឱ្យមកលេង ម្តងហើយ ចង់មកម្តងទៀត ៕