ព្រះអង្គម្ចាស់ក្សត្រីសិរិនថន បន្តផ្តល់ជំនួយក្នុងវិស័យអប់រំ រយៈពេល៥ឆ្នាំបន្ថែមទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

ព្រះអង្គម្ចាស់ក្សត្រី ចៅហ្វាមហាចក្រី សិរិនថនបានសព្វព្រះហឫទ័យ បន្តព្រះរាជទានជំនួយដល់កម្ពុជាក្នុងវិស័យអប់រំ រយៈពេល៥ឆ្នាំបន្ថែមទៀត  ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំ ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យ អប់រំនៅទីនោះ ។

លោក ប៉ិច សៀង នាយកវិទ្យាស្ថានកំពង់ឈើទាល បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា វិទ្យាស្ថាននេះ បានបើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញបច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្ម សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ  ការងារបច្ចុប្បន្ននៅកម្ពុជា។ លោកបានបញ្ជាក់ថា ការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រី ចៅហ្វាមហាចក្រី សិរិនថន គឺបានជំរុញឲ្យមាន ទំនាក់ទំនងក្នុងវិស័យអប់រំ រវាងកម្ពុជានិងថៃកាន់តែល្អប្រសើរ។ ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋនិងឯកជន ព្រមទាំងបង្កើតឱ្យមានការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតរវាងប្រទេសទាំងពីរ ។

សំឡេង៖ «គម្រោងរបស់ម្ចាស់ក្សត្រីផ្តោតសំខាន់កសាងធនធានមនុស្ស ជាពិសេសខាងបច្ចេកទេស បានផ្តល់អាហារូបករណ៍ រៀនជំនាញ អគ្គិសនី និងកុំព្យូទ័រ។គម្រោងនេះបានផ្តល់អាហារូបករណ៍សម្រាប់ឲ្យសិស្សដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ បន្តរៀននៅប្រទេសថៃទៀត ។រយៈពេល២០ឆ្នាំកន្លងមក វិទ្យាស្ថានបច្ចេកទេស បានបណ្តុះបណ្តាលសិស្សនិស្សិតជាង១០ជំនាន់ មកហើយ ហើយមានសិស្សរាប់ពាន់នាក់បានចេញទៅធ្វើការតាមក្រុមហ៊ុនតាមរោងចក្រសហគ្រាស  ខ្លះបានបម្រើការងាររដ្ឋបានច្រើន ជួយអភិវឌ្ឍន៍ជុំវិញសហគមន៍ជុំវិញនឹងជាក់ស្តែងក្មេងៗនៅក្នុងសហគមន៍នេះរៀនបានខ្ពស់។ពីមុនមកមិនទាន់មានសាលាគាត់ឆាប់ឈប់រៀនដល់ពេលយើងមានគម្រោងនេះយើងរៀនបន្តបានខ្ពស់ៗមានការងារធ្វើ»។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ព្រះរៀមក្សត្រី ចៅហ្វាមហាចក្រី សិរិនថននៃប្រទេសថៃ បានសព្វព្រះហឬទ័យ ព្រះរាជទានជំនួយ ដល់កម្ពុជា ក្នុងវិស័យអប់រំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំនេះតាំងពីឆ្នាំ២០០០មក ហើយបាននិងកំពុងបន្តជួយ រយៈពេល៥ឆ្នាំបន្ថែមទៀត គិតពីខែកញ្ញាឆ្នាំ២០២០ដល់ខែកញ្ញា ឆ្នាំ២០២៥៕