ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

វិទ្យុជាតិកម្ពុជា៖   អត្ថបទ  វ៉ែន សុវុទ្ធី

ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានសម្តែងក្តីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព ផ្លូវគមនាគមន៍ល្អប្រសើរ ដែលធ្វើឲ្យប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា។

លោកស្រី  សួន សុភី  ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនៅពេលដល់ខែបុណ្យភ្ជុំបិណ្ឌ គ្រួសារលោកស្រីនិងបងប្អូនកូនចៅ សាច់ញាតិទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស រៀបចំម្ហូបអាហារ បាយសម្លជូនឪពុក ម្តាយ និងប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម  ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់ជីដូនជីតាបងប្អូននិងញាតិទាំង៧សណ្តានដែលបានចែកឋានទៅ ។

លោកស្រីបន្ដថា  ការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនេះ  ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យពួកគាត់មានជីវភាពធូរធារបានជួបជុំសាច់ញាតិជាទីស្រលាញ់របស់ខ្លួន ។

(សំឡេង)«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាមួយដល់ខែបុណ្យទានខែបិណ្ឌភ្ជុំនេះខ្ញុំបានធ្វើបាយសម្លទៅវត្តនិងជូនឪពុកម្ដាយជួបជុំបងប្អូនកូនក្មួយជិតឆ្ងាយញុំបាយជុំគ្នាព្រោះថាយូៗបានជួបគ្នាម្តងដោយសារបងប្អូនយើងមានប្តីប្រពន្ធនៅខេត្តឆ្ងាយៗពីគ្នាដល់ខែបុណ្យទានទើបបានជួបគ្នាម្តងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ហើយមួយវិញទៀតសព្វថ្ងៃនេះប្រទេសជាតិយើងមានការអភិវឌ្ឍច្រើននៅតាមភូមិឃុំស្រុកយើងមានសន្តិភាពមិនការមានការលួចឆក់ប្លន់ទៀតទេ ហើយការអភិវឌ្ឍរាល់ឆ្នាំកាន់តែកើនឡើងជាលំដាប់ ដល់ពេលអ៊ីចឹងទៅពេលទៅណាមកណាជួបជុំបងប្អូនកាន់តែសប្បាយចិត្តខ្លាំងម៉ង»។

ចំណែកលោក សាន ប៊ុនសូត្រ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាមវិញ បានឱ្យដឹងដែរថា ក្នុងរដូវបុណ្យទានម្តងៗ ក្រុមគ្រួសាររបស់លោក បានរៀបចំបាយសម្ល នំចំណី និងថវិកា ដើម្បីជូនដល់លោកអ្នកមានគុណទាំងសងខាង មុននឹងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។

គួរជម្រាប់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ មានរយៈពេល១៥ថ្ងៃ  ដែលគិតចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ ៕