រមណីយដ្ឋានទេសចរណ៍ប្រាសាទកោះកែរជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ច្រើនកុះករ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 16,09,2020

MC ៖   រមណីយដ្ឋានទេសចរណ៍ប្រាសាទកោះកែរជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ច្រើនកុះករដដែល

ដោយសារនៅតំបន់នោះ មានប្រាង្គប្រាសាទបុរាណ ដែលមានចម្លាក់ក្បូរក្បាច់រចនាដ៏ល្អឯក មានកម្ពស់ចំនួន៧ថ្នាក់យ៉ាងប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ ។ 

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………

    លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានមានប្រសាសន៍ថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តកោះកែរ គឺជាស្ថាបត្យកម្ម ដ៏គួរឲ្យស្ញប់ស្ញែញបំផុត ដែលបន្សល់ទុកពីដូនតាជំនាន់ដើម មានស្ថាន៧ថ្នាក់ កំពស់៣៥ម៉ែត្រ និងមានជណ្តើរ៥៥កាំ សំរាប់ឡើងទៅកំពូលប្រាសាទ ដើម្បីគយគន់ទេសភាពនៅជុំវិញប្រាសាទបានកាន់តែច្បាស់ ពិសេសនៅពេលថ្ងៃរៀបលិច ។ 

លោកបានបន្តថា ប្រាសាទកោះកែរនេះ មានលក្ខណៈប្លែកខុសពីប្រាសាទដទៃ ដោយសារប្រាសាទនេះ មានរាងជាពីរ៉ាមីត ដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ 

លោក បន្តថា ក្នុងរយៈពេល៨ខែឆ្នាំ២០២០នេះ ភ្ញៀវទេសចរជាតិ បានមកលេងនៅទីនេះមានចំនួន៥៨.៤៦៧នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន៧.៩៤៧នាក់ផងដែរ ។

សំឡេង ៖ « បច្ចុប្បន្នប្រាសាទកោះកែរ គឺនៅតែជារមណីយដ្ឋានដ៏ទាក់ទាញរបស់ខេត្ត ដែលស្រូបយកទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តជារៀងរាល់ឆ្នាំ ហើយរមណីយដ្ឋានប្រាសាទកោះកែរនេះ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធំទី២ បន្ទាប់ពីប្រាសាទព្រះវិហារ ហើយទីតាំងប្រាសាទកោះកែរនេះគឺជាទីតាំងដែលមាននៅក្នុងព្រះវិហារដែលមិនមានទីតាំងណាដូចនៅប្រាសាទកោះកែរនោះទេ ដោយសារថាប្រាសាទនេះមានរាងជាពីរ៉ាមីត អញ្ចឹងមានភាពទាក់ទាញផ្នែកវប្បធម៌ប្រវត្តិសាស្ត្រផងនិងធម្មជាតិផង» ។

សូមបញ្ជាក់ថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តកោះកែរ មានអាយុកាលជាង១ពាន់ឆ្នាំហើយៗកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងឆ្នាំ៩២៨-៩៤២ នាសតវត្សទី១០។ ស្ថិតក្នុងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តកោះកែរនេះ គឺមានប្រាសាទជាង១០០ទៀត ក្នុងទំហំផ្ទៃដី៩គីឡូម៉ែត្រការ៉េ ដោយប្រាសាទនីមួយៗកសាងនៅដាច់ៗពីគ្នា ៕