ស្អែកនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងអញ្ជើញទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ

APP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងអញ្ជើញទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោបានលើកឡើងថា «ថ្ងៃនេះគឺបិណ្ឌ១៤ ហើយ។ ថ្ងៃស្អែកគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលខ្ញុំនិងភរិយាគ្រោងនឹងទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំជាច្រើនដោយគ្មានការភ័យខ្លាច។ ខ្ញុំនិងភរិយាសូមចូលរួមរីករាយកាន់បិណ្ឌជាមួយបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ នៅក្នុងឱកាសនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូប ទៀន នៅតាមទីកន្លែងសក្ការៈបូជាផ្សេងៗ»។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់ អាជ្ញាធនៅតាមបណ្តាខេត្តនានា ជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ ដើម្បីបង្កលក្ខណកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ និងទេសចរបានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

ទន្ទឹមនឹងនេះដែរ សម្តេចក៏បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ (Covid-19)។ សូមបន្តពាក់ម៉ាសការពារ ជាពិសេសក្នុងពិធីបុណ្យដែលមានមនុស្សចូលរួមច្រើន។ ត្រូវឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។

សម្តេចបានជូនពរបងប្អូនជនរួមជាតិធ្វើដំណើសុខសប្បាយមានសុវត្ថិភាពតាមផ្លូវ និងបានរីករាយជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌគ្រប់ៗគ្នាកុំបីខាន៕ ដោយ៖ កន ចំណាន