កសិករនៅស្រុកប្រាសាទបាគងនៃខេត្តសៀមរាបចាប់យកមុខរបរដាំបន្លែសុវត្ថិភាពដើម្បីជីវភាពគ្រួសារ

វិទ្យុជាតិកម្ពុជា ៖លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២០


MC.កសិករជាច្រើនគ្រួសារនៅស្រុកប្រាសាទបាគងនៃខេត្តសៀមរាបចាប់យកមុខរបរដាំបន្លែសុវត្ថិភាពដើម្បីជីវភាពគ្រួសារ ដោយសារតែដំណាំប្រភេទនេះ កំពុងទទួលបានការពេញនិយមពីអ្នកបរិភោគនិងមានតម្រូវការទីផ្សារខ្ពស់។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
អ្នកស្រី ខ្វាត ម៉ាត្តី អាយុ២៧ឆ្នាំ ជាកសិករ រស់នៅក្នុងស្រុកប្រាសាទបាគង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឲ្យដឹងថា អ្នកស្រីចេះដំាដំណាំ និងចាប់ផ្តើមមុខរបរនេះបន្តពីម្តាយមក ដោយសារការដាំបន្លែសុវត្ថិភាព បានផ្តល់សារៈប្រយោជន៍ជាច្រើន ទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ចគ្រួសារ សម្រាប់ការទទួលទានខ្លួនឯងផង និងការគិតគូខ្ពស់ពីសុវត្ថិភាពនិងអ្នកទទួលទានជាដើម។ អ្នកស្រីបន្តថា បានដាំបន្លែសុវត្ថិភាពគ្រប់ប្រភេទ មានទាំងប្រភេទស្លឹក និងផ្លែ ត្រូវបានដាំដុះនៅគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា ជាពិសេសនោះនៅរដូវប្រាំងគ្រួសារអ្នកស្រីអាចរកចំណូលបានប្រមាណពី៤ទៅ៥លានរៀល និងរដូវវស្សានេះ អាចរកចំណូលបានប្រមាណជាង២លានរៀលក្នុងបន្លែមួយមុខ ។
សំឡេង៖ឱ្យតែបន្លែក្នុងស្រុក មានលក្ខណៈជាប្រភេទបន្លែស្លឹក បន្លែផ្លែ មានដូចជា ខាត់ណាផ្កា ខាត់ណាដើម ស្ពៃគ្រប់ប្រភេទ បន្លែទី១ផ្តល់ផលប្រយោជន៍ដូចជា អាចដំាហូបខ្លួនឯងបានមិនបាច់ទិញគេ ផ្តល់ជាចំណូលអាចដោះស្រាយជីវភាពគ្រួសារ យើងអត់គិតរាល់ខែបានទេ ដោយសារខែខ្លះយើងធ្វើកើត ខែខ្លះភ្លៀងធ្វើអត់កើត ដូចខែនេះធ្វើអត់បានទាំងអស់ទេ ដល់ខែរំហើយបានយើងធ្វើបានវិញ មួយរដូវរំហើយមុខរបរដាំបន្លែអាចរកចំណូលប្រហែលជា៤ទៅ៥លានរៀល បើខែវស្សាមួយវគ្គដាំប្រហែលជាង២លានរៀល និយាយទៅយើងដាំបន្លែសុវត្ថិភាព យើងហូបខ្លួនឯងដែរ និងសុខភាពយើង ហើយយើងគិតគូពីសុវត្ថិភាពអ្នកបរិភោគ ព្រោះយើងបោះទៅលើទីផ្សារ ម៉ូយគេមកយកដល់ផ្ទះ ពីមុនយើងចេះធ្វើខ្លួនឯង តែឥឡូវមានខាងកសិកម្ម និងអង្គការគេចុះមកបង្រៀន។
អ្នកស្រី ខ្វាត ម៉ាត្តី បានឲ្យដឹងទៀតថា ការដំាដុះបន្លែសុវត្ថិភាព បច្ចុប្បន្ននេះមានការគិតគូខ្ពស់ពីអាជ្ញាធរពាក់ព័ន្ធ បានចុះមកជួយ មិនថាការជួយរកទីផ្សារឬផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសនៃការដាំដល់កសិករ។
គួជម្រាបផងដែរថា យោងតាមសារាចរណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកសិកម្ម ក្នុងគោលបំណងបំផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឲ្យធ្វើការដាំដុះស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមបច្ចេកទេសកសកម្មបែបទំនើប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើតនៅឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាពលករដែលទើបតែវិញត្រឡប់មកពីបរទេសវិញជាដើម៕