ប្រជាពលរដ្ឋប្តេជ្ញារួមគ្នាអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៦ កញ្ញា ២០២០

MC៖ ប្រជាពលរដ្ឋប្តេជ្ញារួមគ្នាអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកការពារ ការចម្លងជំងឺកូវីត-១៩ ចូលក្នុងសហគមន៍។

លោកស្រី ប៊ុន សុភា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រីមានអារម្មណ៍សប្បាយរីករាយណាស់ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សំរាក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលជាបុណ្យប្រពៃណីខ្មែរតាំងពីយូរលង់ណាស់ មកហើយ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំ ម្ហូបអាហារបាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីវត្តអារាម ។

លោកស្រីបានបន្ដថា បើទោះបីប្រទេសកម្ពុជាកំពុងមានជំងឺឆ្លងកូវីដ-១៩ក្តី ក៏រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សំរាកដែរ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ ក៏ត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំំងឺឆ្លងកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ និងមានអាកុល ឬជែល នៅជាប់ខ្លួនជាប្រចាំ។

សំឡេងទី១ « អរគុណរាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យឈប់សំរាក ជាពេលវេលាល្អសម្រាប់ជួបជុំកូនចៅ និងអាចទៅវត្តបានជុំគ្នា។ ប៉ុន្ដែខ្ញុំក៏មិនភ្លេចពីការថែរក្សាអនាម័យដែរ ទាំងខ្លួនឯងនិងកូនចៅ មិនថាទៅវត្តអារាម ឫកន្លែងកម្សាន្តផ្សេងៗទេ ត្រូវឱ្យពួកគាត់ពាក់ម៉ាស់ និងមានអាកុល ឬជែល នៅជាប់ខ្លួនជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីត-១៩នេះឱ្យបាន»។

ចំណែកលោកពូ សម្បត្តិ ជាប្រជាពលរដ្ឋនៅភូមិរកាកោង២ ស្រុកមុខកំពូល បានឱ្យដឹងថា លោកពូបានព្យាយាមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដែលផ្សព្វផ្សាយពីវិធីការពារជំងឺកូវីដ-១៩ នៅក្នុងរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ដោយមានអាកុលនៅជាប់នឹងខ្លួន ព្រមទាំងពាក់ម៉ាស់ផងដែរ។

សំឡេងទី២ «ខ្ញុំការពារដូចជាទឹកអាកុលបាញ់ដៃ ពាក់ម៉ាស់ជាដើម ហើយប្រជាពលរដ្ឋ មានការយល់ដឹងទាំងអស់តាមគ្នា ព្រោះប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះ គាត់បានណែនាំតៗគ្នា ហើយអាជ្ញាធរ  ក៏បានណែនាំប្រាប់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានផងដែរ»។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញទៅវត្ត ត្រូវបន្តចូលរួមអនុវត្តន៍ តាមវិធានសុខាភិបាលឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីធានាការពារ កុំឱ្យមានការចម្លងចូលទៅក្នុងសហគមន៍ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ព្រោះកូវីដ១៩នៅតែជាក្តីបារម្ភរបស់កម្ពុជា និងទូទាំងពិភពលោកនៅឡើយ។

សម្លេងទី៣ « បងប្អូនប្រជាពលរដ្ឋទាំងអស់ក៏ដូចជាគណៈកម្មការវត្តដើម្បីឱ្យមានការចាត់ចែងរៀបចំនូវការអនុវត្តរបស់វិធានការ សុខាភិបាលនេះឱ្យបានម៉ត់ចត់ជាទីបំផុត ហើយវិធានការសុខាភិបាលនេះជាវិធានការសាមញ្ញទេគ្រាន់តែតម្រូវឱ្យមានការចាត់ចែង និងការកែប្រែនូវទម្លាប់របស់យើងខ្លះតែប៉ុណ្ណោះឯង។ ហើយនៅទីនេះខ្ញុំសូមធ្វើការក្រើនរំលឹកហើយ ក្រើនរំលឹកទៀត បងប្អូនជាពុទ្ធបរិស័ទដែលលោកធ្វើដំណើរទៅកាន់ទីវត្តអារាមនេះសូមលោកប្រកាន់យកនូវវិធានការការពារខ្លួនធ្វើម៉េចកុំឱ្យមានការចម្លងកូវីដ-១៩ ក្នុងនោះយើងអាចដាក់អាកុល ឬជែល សម្រាប់លាងដៃ ហើយជាពិសេសត្រូវមានម៉ាស់ដើម្បីយើងពាក់នៅពេល ដែលយើងទៅដល់ទីវត្តអារាម យើងត្រូវតែពាក់ម៉ាស់ចាំបាច់។ ហើយទន្ទឹមនឹងនោះដែរ ការអង្គុយ ត្រូវតែឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ពីគ្នាក្នុងចម្ងាយ១ម៉ែត្រកន្លះឡើងទៅផងដែរ»។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយដោយប្រជាជនកម្ពុជា នាំគ្នាប្រារព្ធធ្វើមិនដែលអាក់ខានឡើយ ហើយពិធីបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថៃ្ង ១រោចខែភទ្របទ រហូតដល់ថៃ្ង ១៥រោចខែភទ្របទ   ដោយប្រជាពលរដ្ឋខ្មែរមិនត្រឹមតែទៅកាន់ទីវត្តអារាមប៉ុណ្ណោះទេ គឺថែមទាំងបានជួបជុំក្រុមគ្រួសារសាច់ញាតិ និងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានានៅទូទំាង ប្រទេសទៀតផង៕