ករណីអ្នកជំងឺគ្រុនផ្តាសាយធំ នៅវត្តចំនួន ០៤ កំពុងឈានទៅរកការជាសះស្បើយទាំងស្រុង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ករណីគ្រុនផ្តាសាយធំ ដែលបានរាលដាលនៅខេត្តចំនួន០៤ គឺ តាកែវ  ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ ហើយដែលធ្វើឱ្យព្រះសង្ឃអាពាធប្រមាណជាង ១២០អង្គ នាពេលកន្លងមក និងក្នុងពេលថ្មីៗនេះ បានឈានទៅរកភាពធូរស្រាលហើយ។  

លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា៖ «ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់  ត្រូវបានព្យាបាលជាសះស្បើយ ហើយនៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ  ដែលនៅបន្តការព្យាបាល ប៉ុន្តែស្ថានភាពក៏បានធូរស្រាលហើយដែរ»។

ជាទូទៅ កត្តាដែលបណ្តាលឱ្យមានបញ្ហាសុខភាពបែបនេះ គឺមានកត្តាជាច្រើនដូចជា  ការប្រែប្រួលអាកាសធាតុ ការវិវត្តបម្រែបម្រួលនៃវីរុស ឬមេរោគផ្សេងៗ នៅក្នុងបរិស្ថានដែលផ្តល់អំណោយផល គួបផ្សំនឹងបម្រែបម្រួលអាកាសធាតុ  ឬមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី  ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឬការបរិភោគពពួកសត្វទាំងនេះ ដែលចម្អិនមិនបានឆ្អិន និងមានកង្វះការអនុវត្តអនាម័យដៃ និងខ្លួនប្រាណ ឆ្លងតាមការក្អកកណ្តាស់ ដែលមិនបានខ្ទប់មាត់ និងច្រមុះបានត្រឹមត្រូវ ឬឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកដែលឈឺជាដើម។ 

លោកជំទាវក៏បានអំពាវនាវជាថ្មី ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ថ្ងៃទី១នេះ គឺសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងព្រះសង្ឃ លោកតាអាចារ្យ លោកយាយជី និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ចូលរួមអនុវត្តវិធានការដូចជា ទី១ មានអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃឱ្យបានស្អាតជាប់ជានិច្ច ទី២ ប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឬកន្លែងដែលមានមនុស្សម្នាច្រើន ហើយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រម៉ា ក្រដាសជូតមាត់ ទី៣ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ ទី៤ ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។  ប្រសិនបើបានប៉ះពាល់ ត្រូវតែលាងដៃជាមួយសាប៊ូឱ្យបានឆាប់ ទី៥  ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ  និងទុកដាក់ម្ហូបអាហារតាមវិធានអនាម័យ ទី៦ បើមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី  ឬកម្មវិធីណាមួយនោះឡើយ ដោយត្រូវស្នាក់ក្នុងកុដិ ឬទីកន្លែងណាមួយដាច់ដោយឡែកពីគេ  កុំឱ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។

ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់  មានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ១៩ និងជំងឺគ្រុនផ្តាសាយធំនេះ និងសូមរីករាយក្នុងក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ 

គួរម្លឹកថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្ទុះករណីជាចង្កោម នៃជំងឺគ្រុនផ្តាសាយធំនៅតាមទីវត្តអារាមមួយចំនួន ក្នុងខេត្តទាំង ០៤ ខាងលើ ប៉ុន្តែរាល់ករណីទាំងនេះពុំមែនជាករណីវីរុសកូវីដ១៩នោះទេ បន្ទាប់ពីមានការធ្វើតេស្តវិភាគរួច៕

ដោយ ផែន រតនៈ