ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបង្កើនសមត្ថភាព និងចំណេះដឹងដល់សមាជិករបស់ខ្លួនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៩ ០២០

MC៖ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបង្កើនសមត្ថភាព និងចំណេះដឹងដល់សមាជិករបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការចរចាប្រាក់ឈ្នួលរបស់កម្មករនិយោជិតប្រកបដោយវិជ្ជាជីវៈ និងកាន់តែមានភាពរលូន។

អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍…..

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាមានប្រសាសន៍ថា  ការពង្រឹងសមត្ថភាពនេះ នឹងធ្វើឡើងតាមរយៈ ការបើកឱ្យមានការសិក្សាស្រាវជ្រាវជាដើម។

ឯកឧត្ដមបានបញ្ជាក់ថា ការរៀបចំសិក្សាស្រាវជ្រាវបន្ថែមដល់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមានេះ គឺដើម្បីឆ្លើយតបទៅនឹងការសិក្សាស្រាវជ្រាវ និងវិភាគទៅលើការវិនិច្ឆ័យបញ្ហាសំខាន់ៗក្នុងការកំណត់ប្រាក់ឈ្នួល អប្បបរមានាឆ្នាំបន្ដបន្ទាប់ទៀត សម្រេចបានលទ្ធផលល្អ ដោយទទួលយកបានពីគ្រប់ភាគី។

សំឡេង«ការពិតហើយក្នុងយន្ដការត្រីភាគី វាមិនដែលមានរឿងណាមួយធ្វើហើយ វាឆ្លើយតបទៅនឹងអ្វីដែលជាការចង់បាននោះទេ ។ប៉ុន្ដែអ្វីដែលជាការសម្របសម្រួលឆ្លើយមកគឺទទួលយកបាន។ ការចង់បាននិងការទទួលយកបានគឺមានន័យខុសគ្នា យើងចង់បាន១០ តែយើងត្រូវគិតដល់ភាគី២ទៀត តើគេអាចឱ្យយើងបានអត់ អ៊ីចឹងទេ អាហ្នឹងមិនអាចបញ្ចប់ទៅតាមអ្វីដែលយើងចង់បានទេ ប៉ុន្ដែអ្វីដែលយើងអាចទទួលយកបាន គឺការសម្របសម្រួលគ្នា ដែលគ្រប់ភាគីគេយល់ព្រមជាមួយយើង ហ្នឹងហើយដែលជាសុខដុមរមនីយកម្មមួយនៅក្នុងសង្គម»។

ប្រទេសកម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងសកលលោក ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា តាមរយៈត្រីភាគី រួមមានតំណាង រាជរដ្ឋាភិបាល និយោជក និងតំណាងកម្មករ ដើម្បីដោះស្រាយបញ្ហាធំៗ ប្រកបដោយភាពល្អប្រសើរ និងជោគជ័យ៕