ការស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ នឹងធ្វើឱ្យវិស័យដឹកជញ្ជូន និងទេសចរណ៍ខេត្តនេះកាន់តែរីកចម្រើន

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២០

MC៖ រដ្ឋបាលខេត្តបាត់ដំបងអះអាងថា ការស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ នឹងធ្វើឱ្យវិស័យដឹកជញ្ជូននិងទេសចរណ៍ខេត្តនេះ កាន់តែមានការរីកចម្រើន ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក កំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លាសម្រាប់ចំណតយន្តហោះក្នុងស្រុក ក៏ដូចជាទីធ្លាសម្រាប់រថយន្តចូលចតដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផ្សេងៗ ខណៈបច្ចុប្បន្ននេះអាកាសយានដ្ឋាននេះ គឺជាប្រភេទអាកាសយានដ្ឋាន ក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម  ។

លោកបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះឡើងវិញ នឹងជួយជំរុញឱ្យខេត្តបាត់ដំបងមានកំណើនសេដ្ឋកិច្ច កាន់តែល្អប្រសើរបន្ថែមទៀត ដោយសារតែខេត្តនេះ មានសក្តានុពលវិនិយោគទាំងវិស័យកសិកម្ម និងទេសចរណ៍។

សំឡេង ៖ «កាលណា យើងមានព្រលានយន្តហោះ វាធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបងកាន់តែមានការវិនិយោគបន្ថែមទៀត ដោយសារតែយើងមានតែផ្លូវគោកដែលមានចម្ងាយ ២៩១គីឡូម៉ែត្រ ដោយចំណាយពេលធ្វើដំណើរដល់ទៅ ៥ ម៉ោងទៅ ៦ម៉ោង រយៈ ពេលយូរ បើមានព្រលានយន្តហោះទៅ ការវិនិយោគរបស់យើងមានការលូតលាស់ក្នុងខេត្តកាន់តែខ្លាំង ហើយកំណើនសេដ្ឋកិច្ច ការដឹកជញ្ជូនផ្លូវអាកាសក៏មានការរីកចម្រើន ហើយបម្រើឱ្យវិស័យទេសចរណ៍ថែមទៀត»។

លោកបន្ថែមថា មកដល់ពេលនេះផែនការស្តារ និងស្ថាបនាព្រលានយន្តហោះ បានឈានដល់ចំណុចចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី លើតំបន់ព្រលានយន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ដើម្បីត្រៀមសាងសង់នាពេល ខាងមុខនេះ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈរបបខ្មែរក្រហម កាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូតបច្ចុប្បន្ន៕