ក្រុមហ៊ុន Oxford Economics ព្យាករណ៍អំពីការរំពឹងទុក ក្នុងវិស័យវាយនភ័ណ្ឌរបស់ក្រុមប្រទេស CLMV

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០​ — ឧស្សាហកម្មវាយនភ័ណ្ឌក្នុងក្រុមប្រទេស CLMV (កម្ពុជា – ឡាវ – មីយ៉ាន់ម៉ា – វៀតណាម) បានទទួលការគំរាមកំហែងដោយសារការផ្ទុះឡើងជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់អ្នកផលិតដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។

កាសែត Business Times របស់សិង្ហបុរីបានដកស្រង់សំដីរបស់លោក Sian Fenner ប្រធានសេដ្ឋវិទូអាស៊ី នៃក្រុមហ៊ុន Oxford Economics ដែលបាននិយាយថា ការបិទទ្វារប្រទេសដែលត្រូវបានអនុម័តដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងការនាំចេញនៅក្នុងប្រទេសទាំង ៤ ។

ឧស្សាហកម្មវាយនភ័ណ្ឌត្រូវបានគេចាត់ថា ជាវិស័យមួយដែលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនៃមេរោគឆ្លងនេះ ដោយហេតុថា ជាង ៥៥ភាគរយនៃវត្ថុធាតុដើមសម្រាប់ផលិតកម្មសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម គឺមកពីប្រទេសចិន ហើយដែលរោងចក្រទាំងនោះត្រូវបានបិទទ្វារកាលពីដើមឆ្នាំ ២០២០ ។

ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃក្រុមប្រទេស CMLV ព្រោះថា ៦៦ភាគរយ នៃការនាំចេញរបស់ខ្លួនត្រូវបានបង្កើតដោយឧស្សាហកម្មសម្លៀកបំពាក់ ដែលទទួលបានផលប្រយោជន៍ជាប្រវត្តិសាស្ត្រពីការវិនិយោគផ្ទាល់ពីបរទេស។

លោក Fenner បានព្យាករណ៍ថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយការងើបឡើងវិញនៅក្នុងឆ្នាំ ២០២១ នឹងមានការពិបាកនៅពេលដែលតម្រូវការសម្លៀកបំពាក់នៅលើពិភពលោកមានការចុះខ្សោយ និងការដកផ្នែកខ្លះការអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» របស់សហភាពអឺរ៉ុប។

ក្រុមហ៊ុន Oxford Economics បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៃក្រុមប្រទេស CMLV ទំនងជានឹងមានអត្រាជាមធ្យម ៥,១ភាគរយពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៨ ដែលលើសពីការប៉ាន់ស្មានជាមធ្យមរបស់ក្រុមប្រទេសសេដ្ឋកិច្ចទាំង ៥ របស់អាស៊ានដែលមានចំនួនត្រឹម ៤ភាគរយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)