កូរ៉េខាងជើងមិនទំនងជាធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល SLBM នៅក្នុងខែតុលាទេ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ Suh Wook បាននិយាយថា ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញសញ្ញានៃការត្រៀមលក្ខណៈដើម្បីបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកនាវាមុជទឹក (SLBM) ក្នុងពេលឆាប់ៗនេះទេ ហើយឱកាសនៃការបាញ់បង្ហោះគ្រាប់មីស៊ីល SLBM ក្នុងឱកាសនៃការប្រារព្ធខួបនៃគណបក្សពលករនៅក្នុងខែតុលាខាងមុខនេះក៏មិនទំនងជានឹងកើតមានដែរ។

លោក Suh បានធ្វើអត្ថាធិប្បាយជាចម្លើយលាយលក្ខណ៍អក្សរទៅនឹងសំណួររបស់សមាជិកសភាសម្រាប់សវនាការបញ្ជាក់របស់រដ្ឋសភារបស់លោកដែលគ្រោងធ្វើនៅថ្ងៃពុធ ចំពេលដែលមានការសង្ស័យថា កូរ៉េខាងជើងអាចបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ក្នុងពិធីរំលឹកខួបលើកទី ៧៥ របស់គណបក្សពលករ នៅថ្ងៃទី ១០ ខែតុលាខាងមុខនេះ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងនៅក្នុងសារចូលឆ្នាំថ្មីថា លោកនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីមួយ។ ក្រុមអ្នកជំនាញបាននិយាយថា វាអាចជាគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) ឬ SLBM ឬនាវាមុជទឹកដែលមានសមត្ថភាពបាញ់គ្រាប់មីស៊ីល SLBMs ។

លោក Suh បាននិយាយនៅក្នុងចម្លើយសម្រាប់សំណួររបស់សមាជិកសភាថា «រហូតមកដល់ពេលនេះ គ្មានសញ្ញាណាមួយដែលបង្ហាញអំពីការបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ត្រូវបានមើលឃើញនៅឡើយទេ»។

កាលពីដើមខែនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា រូបភាពផ្កាយរណបអាចបង្ហាញអំពីការរៀបចំសម្រាប់ការបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ដោយចង្អុលបង្ហាញអំពីវត្តមានរបស់នាវានៅឯកន្លែងផលិតនាវា Sinpo របស់កូរ៉េខាងជើង នៅឯឆ្នេរសមុទ្រខាងកើត៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)