ក្រសួងការងារពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឱ្យបានចប់នៅមុនដំណាច់ឆ្នាំ២០២០នេះ សំដៅបម្រើផលប្រយោជន៍ដល់កម្មករ និយោជក និងនិយោជិត ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងកិច្ចប្រជុំក្រុមការងារយន្ដការត្រីភាគីបូកជាលើកទី២ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យបានចប់នៅមុនដំណាច់ឆ្នាំ២០២០។
ឯកឧត្តម មានប្រសាសន៍ថា វិសោធនកម្មទៅលើច្បាប់នេះ មានដូចជា៖ ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារ​ពេល​យប់ ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ការពង្រីកវិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គល ៕