អគ្គនាយិកាវិទ្យុជាតិកម្ពុជាប្រាប់ឱ្យមន្ត្រីក្នុងនាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេសត្រៀមខ្លួនសម្រាប់ការផ្សាយនៅលើទូរទស្សន៍ឌីជីថល

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ ៖អគ្គនាយិកាវិទ្យុជាតិកម្ពុជាជំរុញដល់មន្ត្រីនាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេសឱ្យត្រៀមខ្លួន សម្រាប់ការផ្សាយនៅលើទូរទស្សន៍ឌីជីថលរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលនឹងបង្កើត​ឡើងនៅឆ្នាំ២០២៣ខាងមុខ ដើម្បីបំពេញតម្រូវការរបស់អ្នកស្តាប់ ទស្សនា និងអាន ។

ក្នុងកិច្ចប្រជុំក្រុមការងារនាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេសនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ខែកញ្ញានេះ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយក​ដ្ឋានវិទ្យុជាតិ​​កម្ពុជាបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ វិទ្យុជាតិកម្ពុជា នឹងមានជាទូរទស្សន៍​ក្នុងប្រព័ន្ធ​ឌីជីថល ដែលទាមទារឱ្យមន្ត្រីជំនាញទាំងអស់ត្រូវបង្កើនការផលិតព័ត៌មានខ្លីៗ បទយកការណ៍ កម្មវិធីពិភា​ក្សាតុមូល និងកម្មវិធីកម្សាន្តនានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

លោកជំទាវបញ្ជាក់ថា ការបង្កើតទូរទស្សន៍ឌីជីថលនេះ វានឹងបានជួយដល់ការផ្សព្វផ្សាយ ព្រឹត្តិការណ៍ផ្សេងៗ ដូចជាការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានទាន់ពេលវេលា ដោយសារវា​​មានសាសំខាន់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា បង្ហាញពីមុខមាត់របស់ប្រទេស សមិទ្ធផល​និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ។

បន្ថែមពីនេះទៀត លោកជំទាវបានបន្តណែនាំដល់នាយកដ្ឋាននេះឱ្យផលិតព័ត៌មានថ្មីៗប្រកបដោយគុណភាព និងប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានព័ត៌មាន ក្លែងក្លាយកើតមានឡើង ដែលបង្កផលប៉ះពាល់ដល់សង្គម។

ក្រុមមន្ដ្រីព័ត៌មានទំាងអស់បានប្តេជ្ញាខិតខំផលិតព័ត៌មានថ្មីៗ ប្លែកៗនៅតាមមូលដ្ឋាន និងព្រឹត្ដិការណ៍សំខាន់ៗនៅក្នុងសង្គម​ឱ្យបានច្រើនបន្ថែមទៀត ក្នុងទិសដៅលឿន រហ័ស ជឿទុកចិត្ដបាន ទីណាក៏បាន តាមផែនការ ដើម្បីផ្តល់ព័ត៌មានពិត និងត្រឹមត្រូវដល់ប្រជាពលរដ្ឋឱ្យ​បាន​ទាន់សភាពការណ៍ ដែលឆ្លើយតបទៅនឹងតម្រូវការអ្នកស្តាប់នៅទូទំាងប្រទេស។

សូមបញ្ជាក់ថា បច្ចុប្បន្ន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផលិតព័ត៌មានថ្មីៗ ប្លែកៗ និងទាន់ហេតុការណ៍ជាច្រើន សម្រាប់ផ្សាយនៅវិទ្យុជាតិកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz, អេបវិទ្យុជាតិកម្ពុជា និងអេបក្រសួងព័ត៌មានផងដែរ ៕