រាជរដ្ឋាភិបាលក្រើនរំឭកពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖  រាជរដ្ឋាភិបាល ក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើនឡើងខ្ពស់ក្នុង ឱកាស បុណ្យភ្ជុំ​បិណ្ឌ​នេះ សំដៅបង្ការពីហានិភ័យនៃគ្រោះថ្នាក់នាំឲ្យមានមនុស្សស្លាប់ រងបួសធ្ងន់ធ្ងរ និង ខូច ខាត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសាធារណៈ ដោយការប្រើប្រាស់ផ្លូវធ្វេសប្រហែស។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកញ្ញានេះ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា តាមរយៈមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយាន​យន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។ ជាមួយគ្នានេះ ក៏កុំផ្ទុកអ្នកដំណើរ ឬទំនិញលើស​​ច្បាប់កំណត់ និងត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍និងប្រកាន់ស្តាំជានិច្ច ពិសេសមិនត្រូវបើកបរ លើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ខណៈក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ យានយន្តធ្វើចរាចរណ៍ តែងតែមានកំណើន​កើនឡើងខ្ពស់ខុសប្រក្រតីដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬ ការកកស្ទះចរាចរណ៍៕