កម្ពុជាស្នើADBបន្តជួយលើគម្រោងស្រាវជ្រាវផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជាបានស្នើធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បន្តជួយលើគម្រោងស្រាវជ្រាវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីកត្តាបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យកម្ពុជាមានលទ្ធភាពកសាងផែនការកាន់តែរឹងមាំបន្ថែមទៀត ទៅលើការទប់ស្កាត់ និងភាពបន្ស៊ាំ។

ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជានៅតែត្រូវការមូល​​និធិវិនិយោគអាកាសធាតុពីADB សម្រាប់បន្តពង្រឹងសមត្ថភាពបន្ស៊ាំការប្រែប្រួលអាកាសធាតុឱ្យកាន់តែប្រសើរ។
សំណើនេះបានធ្វើឡើងក្នុងសិក្ខាសាលាបញ្ចប់គម្រោងកញ្ចប់«គ»នៃគម្រោងបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងផែនការអភិវឌ្ឍន៍របស់កម្ពុជា ដែលមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធជាមួយតំណាងADB នៅថ្ងៃទី១៤ ខែកញ្ញានេះ។
ឯកឧត្តម មានប្រសាសន៍ថា ក្រសួងផែនការនៅជួបប្រទះការលំបាកមួយចំនួនដូចជាកង្វះធនធានមនុស្ស ថវិកាសមស្រប និងការសហការពីអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការប្រមូលនិងគ្រប់គ្រងទិន្នន័យបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ កាន់តែមានគុណភាព និងប្រសិទ្ធភាព។

ដូចគ្នានេះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិជាតិ មានប្រសាសន៍ថា កម្ពុជានៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា​​ប្រឈមនៃការប្រែ​​ប្រួលអាកាសធាតុទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគតទៅលើផ្នែកទ្រទ្រង់សេដ្ឋកិច្ចដូចជា វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ សុខភាពមនុស្ស អនាម័យទីក្រុង ប្រព័ន្ធបរិស្ថាន និងជីវៈចម្រុះបាននៅឡើយទេ ដែលនេះទាមទារនូវជំនួយទាំងផ្នែកមូលនិធិ និងបច្ចេកទេសបន្ថែមទៀតពីដៃគូអន្តរជាតិ ដូចជា ADB។

លោក អានឆា ស៊្រីនីវ៉ាសាន់ (Ancha Srinavasan) ប្រធានផ្នែកជំនាញការប្រែប្រួលអាកាសធាតុនៃADB បានបង្ហាញជំហរក្នុងការ ជួយកម្ពុជាបន្តទៀតលើផ្នែកថវិកា និងបច្ចេកទេសដើម្បីឱ្យប្រជាជនកម្ពុជា អាចបន្ស៊ាំខ្លួនបានទៅនឹងបញ្ហានេះ។ លោកមានប្រសាសន៍ថា ADBកំពុងពិនិត្យលទ្ធភាពគាំទ្រមូលនិធិវិនិ​យោគអាកាសធាតុបន្តទៀត ដល់កម្ពុជា ឡាវ និងវៀតណាម។

សូមបញ្ជាក់ថា កម្ពុជាទទួលបានកញ្ចប់ថវិកាពីADB ចំនួន៥៧១លានដុល្លាររួចមកហើយ សម្រាប់ការអនុវត្ត​គម្រោង​កសាងភាពធន់ អាកាសធាតុ ចាប់តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២០នេះ៕