មហាជនកាន់តែចាប់អារម្មណ៍ទៅទស្សនាស្នាដៃចម្លាក់ក្រោមដី របស់យុវជនមួយក្រុម នៅឃុំចាន់ស ស្រុកសូទ្រនិគម

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប
MC. មហាជនកាន់តែចាប់អារម្មណ៍ស្នាដៃចម្លាក់ក្រោមដីរបស់យុវជនមួយក្រុម នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយសារមានភាពប្លែកៗគួរឱ្យទាក់ទាញ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបបានរាយការណ៍ឱ្យដឹងថា ចម្លាក់ក្រោមដីនេះធ្វើឡើងដោយដៃ បានរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ តុកៅអី រូបផ្កាភ្ញីនៅលើជញ្ជាំង ហើយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរនូវស្នាដៃទាំងនោះ យ៉ាងខ្លាំងពីប្រជាពលរដ្ឋទាំងជិត ទាំងឆ្ងាយទៅទស្សនា និងថតរូបជាអនុស្សាវរីយ៍ ដើម្បីផុសក្នុងបណ្តាញទំនាក់ទំនងសង្គម។
លោករុង រឿង អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ដែលបានមកទស្សនាស្នាដៃចម្លាក់ក្រោមដីនេះបានកោតសរសើរស្នាដៃ និងគំនិតច្នៃប្រឌិតរបស់អ្នករៀបចំ ដែលបានរៀបចំថាជាស្នាដៃ ដ៏កម្រមួយ និងមានភាពទាក់ទាញ ទើបលោកនិងក្រុមគ្រួសារបានមកទស្សនាកម្សាន្តនៅទីនេះ។
សំឡេង៖មានអារម្មណ៍ថាប្លែកខុសពីធម្មតា មើលទៅស្អាតប្លែក មានអាងទឹកមានសាឡុង គ្រែ ហើយមើលទៅអត់សាំភ្នែក ហើយបើគាត់ធ្វើឱ្យច្រើនជាងហ្នឹងទៀត អាចនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកមើលកាន់តែច្រើន ហើយគាត់ធ្វើ ដោយដៃអ៊ីចឹងមិនមានច្រើនទេ បើអាចរក្សាទុកឱ្យបានយូរ អាចឲ្យអ្នកក្រោយៗបានមកមើល ហើយស្គាល់កន្លែងនេះកាន់តែច្បាស់។
លោក ពាញ ស៊ីថា ជាអ្នករចនាម៉ូតនិងជាអ្នកដឹកនាំក្រុមចម្លាក់ក្រោមដីបានឱ្យដឹងថា ចម្លាក់ក្រោមដីនេះ ធ្វើឡើងពីកម្លាំងមនុស្ស សុទ្ធសាធ ក្នុងគោលបំណងធ្វើអាជីវកម្មក្នុងប្រព័ន្ធយូធូបប៉ុណ្ណោះ តែបន្ទាប់មកស្នាដៃនេះបានផ្សព្វផ្សាយទៅក្រៅ ធ្វើឲ្យមហាជនទាំងជិតឆ្ងាយ បានឃើញហើយកោតសរសើរពីទឹកដៃចម្លាក់ និងបានមកទស្សនាជាហូហែរមិនចេះដាច់។
លោកបន្តថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អ្វីឡើយ តែការច្នៃប្រឌិតនិងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិតបង្កើតគំនិតថ្មីៗបន្ថែមផងនោះ ទើបលេចចេញជា សមិទ្ឋផលរូបភាពនេះឡើង។
សំឡេង៖មិនមានជំនាញជាអ្នកសិល្បៈឬចម្លាក់អ្វីនោះទេ ហើយក៏មិនបានចូលសាលាវិចិត្រសិល្បៈអ្វីដែរ គឺការធ្វើនេះដោយរៀន និងការត្រាប់តាមគេ ហើយការធ្វើនេះក្នុងប្លង់មួយប្រើរយៈពេលជិតពីរខែ ក្នុងប្លង់មួយដែលយើងបានបង្កើតឡើងនេះ យើងបានផលិតវីដេអូបានចំនួនបី ហើយរូបចម្លាក់នេះខ្ញុំមិនធានាថាទុកនោះទេ ដោយអ្វីដែលធ្វើនេះនៅលើដីបណ្តោះអាសន្ន ដោយគ្រាន់តែសុំគេមួយរយៈពេលខ្លី បើរកកន្លែងថ្មីបាននិងរក្សាទុកឲ្យបានយូរអង្វែង។
លោកបន្តទៀតថា នៅថ្ងៃខាងមុខលោកគ្រោងបង្កើតចម្លាក់ប្លែកៗបន្តទៀត ព្រោះថាចម្លាក់បច្ចុប្បន្ននេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី។ ប៉ុន្តែលោកថា គម្រោងថ្មីនេះមិនទាន់អាចបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តណាមួយបាននោះទេ។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗមានភ្ញៀវប្រមាណជាង១០០នាក់បានចូលទៅទស្សនាស្នាដៃចម្លាក់ក្រោមដីនេះ ខណៈដែលទីតំាងនេះបើកឱ្យចូលទស្សនាដោយសេរី ពុំមានលក់សំបុត្រឡើយ៕