មន្ត្រីជំនាញចរាចរណ៍ខេត្តសៀមរាបសំណូមពរដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC.មន្ត្រីជំនាញចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់មនុស្សជារៀងរាល់ថ្ងៃប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង បណ្តាលឱ្យខូចសណ្តាប់ធ្នាប់សង្គមទៀតផង។

លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានឱ្យដឹងថា កម្លាំង ការិយាល័យជំនាញបានបង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវនានា មិនថានៅពេលយប់ ឬពេលថ្ងៃ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តនាពិធីបុណ្យភ្ជុំបិណ្ឌ ដែលចរាចរណ៍មានភាពមមាញឹកខ្លំាង។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើរតាមដងផ្លូវ ដោយត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការធ្វើដំណើរ​ត្រូវពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ឬពាក់ខ្សែក្រវាត់សុវត្ថិភាព គោរពសញ្ញាចរាចរណ៍ និងត្រូវបើក​បរតាមល្បឿនដែលច្បាប់បានកំណត់ជាដើម។

សំឡេង៖ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសនៅរដូវភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋយើងតែងតែទៅវត្តទំាងអស់គ្នា ដើម្បីសែនដូនតា ដូច្នេះសូមប្រុងប្រយ័ត្ននៅពេលបើកបរតាមដងផ្លូវ ការប្រើប្រាស់ម៉ូតូ ត្រូវមានភ្លើងសញ្ញាច្បាស់លាស់ ត្រូវពាក់មួកសុវត្ថិភាពជៀសវាងការគ្រោះថ្នាក់ អ្នកបើកបររថយន្តត្រូវដាក់ខ្សែក្រវាត់ឱ្យត្រឹមត្រូវ ហើយត្រូវដាក់ប័ណ្ណបើកបរ,អត្តសញ្ញាណប័ណ្ណតាមខ្លួន ជៀសវាងមានបញ្ហាកើតឡើង។សូមឱ្យចូលរួមសហការជាមួយមន្ត្រី អនុវត្តច្បាប់ទាំងអស់គ្នា នៅពេលយប់ ក៏អនុវត្ត ពេលថ្ងៃក៏អនុវត្តដែរ ធ្វើម៉េចដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប យើងតែងតែយកកការងារអប់រំជាគោល ជាពិសេសការអនុវត្តច្បាប់ចរាចរណ៍ថ្មីហ្នឹង ការផាកពិន័យកម្រិតខ្ពស់ សូមបងប្អូនចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំឲ្យមានការខាតបង់ថវិការបស់បងប្អូន ហើយការផាកពិន័យលើជនដែលល្មើស ត្រូវមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណ ទាំងឡាននិងម៉ូតូ បើគ្មានអត្ថសញ្ញាណប័ណ្ណមន្ត្រីយើងមិនផាកភ្លាមៗទេ។

យោងតាមរបាយការណ៍ពីការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល០៦ខែដើមឆ្នាំ២០២០នេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣០ករណី មានការថយចុះ១៨ករណីបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងមក៕