យុវជនវិសាខាឈ្នះជើងឯក KMH CUP U18

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០

ក្រុមយុវជនវិសាខាបានឈ្នះជើងឯកព្រឹត្តិការណ៍កីឡាបាល់ទាត់ KMH CUP អាយុក្រោម ១៨ឆ្នាំ រដូវកាល ២០២០ បន្ទាប់ពីបានយកឈ្នះ ក្រុមយុវជនបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ នាចុងវគ្គទី២ ដោយលទ្ធផលបច្ចេកទេស ២ទល់០ នៅកីឡដ្ឋាន KMH PARK រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

ចំពោះជ័យលាភីនៃព្រឹត្តិការណ៍ KMH CUP រដូវកាល ២០២០នេះ រួមមាន៖ ក្រុមអាជ្ញា​កណ្តាលល្អ មេដាយមាស៤គ្រឿង អមដោយថវិកា ២៥០ដុល្លារ, អ្នកស៊ុតបញ្ជូលទីច្រើន​ជាងគេ កីឡាករ សារី តៃម៉ូ របស់បឹងកេត ប្រាក់រង្វាន់ចំនួន ២០០ដុល្លារ, អ្នកចាំទីល្អ កីឡាករ សឿន រិទ្ធិវិរវឌ្ឍនា ក្រុមវិសាខា ២០០ដុល្លារ, ក្រុមនគរបាលជាតិ ឈ្នះជាក្រុមលេងដោយ​យុត្តិធម៌ ថវិកាអម ៣០០ដុល្លារ និងដណ្តើមបានចំណាត់ថ្នាក់លេខ៤ ប្រាក់រង្វាន់ ៥០០ដុល្លារ ខណៈចំណាត់ថ្នាក់លេខ៣ បានទីលើក្រុម ISI ដង្កោសែនជ័យ ទទួលបានមេដាយសំរឹទ្ធិ អមដោយប្រាក់រង្វាន់ ១,០០០ ដុល្លារ, លេខ២ ក្រុមបឹងកេត មេដាយប្រាក់ អមដោយប្រាក់​រង្វាន់២,០០០ដុល្លារ ហើយក្រុមជើងឯក វិសាខា ឈ្នះមេដាយមាស និងពានរង្វាន់១ អមដោយប្រាក់រង្វាន់ចំនួន ៤,០០០ដុល្លារ។

សូមបញ្ជាក់ថា ក្រុមយុវជនវិសាខា គឺជាក្រុមការពារដំណែងជើងឯក រដូវកាល ២០១៩ ហើយនៅរដូវកាល ២០២០នេះធ្វើសម្រេចបានជើងឯកម្តងទៀត ដោយយកឈ្នះក្រុមយុវជន​បឹង​កេត ដែលជាក្រុមរងជើងឯក ២០១៩ ដូចៗគ្នា៕ ដោយ ហេង ណាលីន