យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់នៅក្នុងការវាយប្រហារ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យ Shinwari របស់អាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ — អ្នកនាំពាក្យរបស់ប្រធានមន្រ្តីប៉ូលិសនៅទីក្រុង Kunduz លោក Hijratullah Akbari បាននិយាយថា យ៉ាងហោចណាស់មានមន្ត្រីប៉ូលិស ៥នាក់ត្រូវបានសម្លាប់នៅពេលដែលក្រុមតាលីបង់បានវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យ Shinwari នៅខាងក្រៅទីក្រុង Kunduz ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍។ យោងតាមលោក Akbari បានឱ្យដឹងថា មន្រ្តីប៉ូលិសជាតិអាហ្វហ្គានីស្ថាន ៣នាក់ និងមន្រ្តីប៉ូលិសក្នុងតំបន់ចំនួន ២នាក់ត្រូវបានសម្លាប់ និងសមាជិក ៤នាក់ផ្សេងទៀតបានរងរបួស ខណៈដែលរថក្រោះមួយត្រូវបានបំផ្លាញ។ លោកបាននិយាយបន្ថែមថា កងកម្លាំងអាហ្វហ្គានីស្ថានបានគ្រប់គ្រងទៅលើចំណុចនៃប៉ុស្តិ៍ត្រួតពិនិត្យនោះឡើងវិញ។

ប្រភពពីផ្នែកសន្តិសុខបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថា នៅពេលជាមួយគ្នានោះដែរ មន្រ្តីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលគ្រាប់បែកបានផ្ទុះនៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយនៅក្នុងស្រុក Maiwand ក្នុងខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)