សមាជិកសភារុស្ស៊ីកោតសរសើរអំពីតួនាទីរបស់វៀតណាមនៅក្នុងអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០​ — ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Konstantin Kosachev បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក្នុងតួនាទីជាប្រធាន នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA-41) ក្នុងការធានានូវសកម្មភាពរបស់ AIPA ចំពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសកលលោក។

ថ្លែងទៅកាន់មហាសន្និបាត AIPA-41 លោក Kosachev ក៏បានថ្លែងអំពីតួនាទីរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរសភាពិភពលោក ដោយលោកបាននិយាយថា ប្រទេសវៀតណាម គឺជាក្បាលម៉ាស៊ីនមួយដែលដើរតួនាទីលេចធ្លោនៅក្នុងវេទិកាសហភាពអន្តរសភា និងវេទិកាអន្តរជាតិដទៃទៀត។

លោកបាននិយាយបន្ថែមថា ការផ្លាស់ប្តូរគ្នានៃអន្តរសភានៅឯមហាសន្និបាត AIPA បានដើរតួនាទីយ៉ាងសំខាន់ ហើយប្រទេសរុស្ស៊ីមើលឃើញថា វាជាយន្តការដ៏សំខាន់មួយដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

នៅក្នុងសុន្ទរកថារបស់លោកបាននិយាយថា ប្រទេសរុស្ស៊ីចាត់ទុកអាស៊ានជាអង្គការមួយដែលទទួលបានជោគជ័យបំផុតនៅក្នុងកិច្ចពិភាក្សាអាស៊ី – ប៉ាស៊ីហ្វិក និងកិច្ចពិភាក្សារុស្ស៊ី – អាស៊ាន ដែលជាកត្តាសំខាន់ដើម្បីធានាស្ថិរភាពក្នុងតំបន់។

ទាក់ទងនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ លោកបាននិយាយថា វាបានទទួលបរាជ័យក្នុងការរារាំងដល់ទំនាក់ទំនងរវាងរុស្ស៊ី – អាស៊ាន ជាមួយយន្តការនៃកិច្ចសន្ទនាដែលកំពុងត្រូវបានរក្សានៅតាមប្រព័ន្ធអ៊ីនធើណេត។ ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាទំនើប ការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល តាមរយៈក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី – អាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)