មនុស្សប្រមាណ ៣០០នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្ម របស់ក្រុមអាវលឿងនៅក្នុងប្រទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង លោក Gerald Darmanin បាននិយាយកាលពីថ្ងៃសៅរ៍ថា មន្រ្តីអនុវត្តច្បាប់បារាំងបានឃុំខ្លួនមនុស្សប្រមាណ៣០០នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្មរបស់ក្រុមអាវលឿងនៅក្នុងប្រទេសបារាំង។

យោងតាមលោករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា អ្នកតវ៉ាសរុបចំនួន១៦៥នាក់ត្រូវបានគេឃុំឃាំងនៅក្នុងរដ្ឋធានីនៃប្រទេសនេះ និងប្រមាណ ១២នាក់នៅក្នុងតំបន់ផ្សេងទៀត។

លោកបាននិយាយថា «ជារួមមនុស្សប្រមាណ៦.០០០នាក់បានចូលរួមនៅក្នុងការប្រមូលផ្តុំនេះ ដែលរួមមានមនុស្សប្រមាណ២.៥០០នាក់នៅទីក្រុងប៉ារីស។ បច្ចុប្បន្នបាតុកម្មនៅប៉ារីសបានបញ្ចប់ទៅហើយ។ មនុស្សជាច្រើននៅតែធ្វើបាតុកម្មនៅតំបន់ Champ de Mars ហើយនឹងកើតមានក្នុងខេត្តផ្សេងទៀតក្នុងពេលឆាប់ៗនេះ»។

លោក Darmanin បានសន្មតថា មនុស្សភាគច្រើនដែលបានត្រូវឃុំឃាំងនៅប៉ារីស គឺដោយសារ «ពួកគេទាំងនោះមានអាវុធគ្រោះថ្នាក់នៅជាប់ខ្លួន»។

មន្ត្រីរូបនោះបាននិយាយបន្ថែមថា «ទោះជាយ៉ាងណា បើប្រៀបធៀបនឹងការលំបាកនានា ដែលមន្រ្តីអនុវត្តច្បាប់បានប្រឈមមុខ ខណៈដែលកំពុងស្តារសណ្តាប់ធ្នាប់ឡើងវិញក្នុងអំឡុងពេលមានការប្រមូលផ្តុំគ្នាកាលពីលើកមុន ការតវ៉ាថ្ងៃនេះត្រូវបានធ្វើឡើងក្នុងបរិយាកាសស្ងប់ស្ងាត់»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)