ជាមួយនឹងការប្រឆាំងនឹងរោគរាតត្បាត ប្រទេសចិនង្កើតកំណត់ត្រាថ្មី នៅក្នុងការវិនិយោគពីបរទេសនៅក្នុងឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ — ខណៈដែលការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាច្រើនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ ប្រទេសចិនដែលជាប្រទេសដំបូងគេដែលបានប្រឈមមុខនឹងជំងឺនេះ បានបញ្ឈប់ការរីករាលដាលនៅក្នុងប្រទេសរបស់ខ្លួនទាន់ពេលវេលា នឹងកំពុងតែសម្របសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិន ក្នុងនាមជាទីកន្លែងវិនិយោគដ៏មានសុវត្ថិភាព។

ក្រសួងពាណិជ្ជកម្មនៃប្រទេសចិនបានបង្ហើបឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានកំណើន ១៨,៧ភាគរយនៃទំហំវិនិយោគផ្ទាល់ពីបរទេសនៅក្នុងខែសីហា គឺកើនឡើងដល់ ៨៤,១ប៊ីលានយន់ (១២,៣ប៊ីលានដុល្លារអាមេរិក) ។ បណ្តាវិនិយោគិនបាននឹងកំពុងបញ្ចេញប្រាក់របស់ពួកគេចូលក្នុងប្រទេសអាស៊ីមួយនេះអស់រយៈពេល៥ខែជាប់ៗគ្នា ខណៈដែលប្រទេសជាច្រើននៅក្នុងពិភពលោកនៅតែស្ថិតក្នុងស្ថានភាពរាតត្បាតនៃជំងឺឆ្លងនៅឡើយ។

ក្រសួងពាណិជ្ជកម្មចិនបានចង្អុលបង្ហាញថា បើទោះបីជាមានសភាពធ្ងន់ធ្ងរនៃសេដ្ឋកិច្ចប្រទេសនានានៅក្នុងឆ្នាំនេះក៏ដោយ ក៏កម្រិតនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសចិនបានកើនឡើងលើសពីឆ្នាំ២០១៩ ដែលបានកើនឡើង ២,៦ភាគរយ ដល់តម្លៃ ៦១៩,៧៨ប៊ីលានយន់ (៩០,៦៩ប៊ីលានដុល្លារអាមេរិក) នៅចន្លោះខែមករា និងខែសីហា។

ការវិនិយោគក្នុងវិស័យសេវាកម្មបច្ចេកវិទ្យាខ្ពស់បានបង្ហាញអំពីកំណើនខ្ពស់បំផុត គឺ ២៨,២ភាគរយក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២០ ខណៈដែលវិស័យឧស្សាហកម្មសេវាកម្មឈរនៅលំដាប់ទីពីរ ដោយកើនឡើង ១២,១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ ដោយមើលឃើញអំពីការរីកចម្រើននៅក្នុងវិស័យទាំងនេះ ទីក្រុងប៉េកាំងបានប្រកាសរួចហើយនូវការអនុវត្តយន្តការនានាដែលនឹងជំរុញចំណាប់អារម្មណ៍របស់ វិនិយោគិននៅក្នុងប្រទេសចិន តាមរយៈការបន្ធូរបន្ថយលំហូរហិរញ្ញវត្ថុឆ្លងកាត់ព្រំដែន ក៏ដូចជាការលុបចោលផ្នែកខ្លះសម្រាប់ការវិនិយោគបរទេសមួយចំនួននៅក្នុងវិស័យទូរគមនាគមន៍របស់ប្រទេសនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)